×

កម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cup នាខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ តាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំ សន្និបាត តាមប្រព័ន្ធ ZOOM នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដោយសម្តេចប្រធាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលឆមាសទី១ ដែលសម្រេចបាន និងបន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១។

ថ្លែងក្រោយបញ្ចប់សន្និបាត លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារថា សន្និបាតបានលើកឡើងអំពីចំណុចសំខាន់ៗ ដែលត្រូវបន្តធ្វើដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយសម្តេចប្រធានបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៅក្នុងឆមាសទីមួយ ដែលយើងខិតខំប្រឹងប្រែងនៅក្នុងដំណាក់កាលកូវីដ១៩ ដែលជាសក្ខីកម្មនៃការរុញឱ្យដំណើរការពីឆ្នាំ២០២២-២០២៣ អាចប្រព្រឹត្តទៅដោយរលូន។ ការវាយតម្លៃនៅក្នុងថ្ងៃនេះ គឺសន្និបាតទាំងមូលបានឯកភាពគ្នាជាធ្លុងមួយ នៅក្នុងការជំរុញការងារបន្ថែមទៀត ក្នុងឆមាសទីពីរ។

លោកអគ្គលេខាធិការបន្ថែមថា៖ “សន្និបាតបានលើកឡើងនូវចំណុចសំខាន់ៗចំនួន១២ ក្នុងនោះយើងកំពុងបន្តធ្វើកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត សហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីរួមកម្លាំងគ្នាអនុវត្តផែនការមេឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ យើងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជាការត្រៀមលក្ខណៈនៅក្នុងការរៀបចំឡើងវិញនៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយពីបិទបញ្ចប់ការប្រើប្រាស់ជាកន្លែងព្យាបាលជំងឺកូវីដ១៩ ដែលយើងត្រៀមសម្រាប់ការប្រកួត ស៊ីហ្គេមរបស់យើង។ នៅក្នុងឆមាសទី២នេះ គឺ CAMSOC នៅមានកិច្ចការច្រើនណាស់ ដែលត្រូវបន្តធ្វើជាបន្តបន្ទាប់ ក្នុងនោះយើងត្រៀមប្រារព្ធពិធីរាប់ថយក្រោយ ៥០០ថ្ងៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដែលនៅក្នុងកម្មវិធីនេះ នឹងប្រកាសយុទ្ធនាការជាតិ បង្កើនការផ្សព្វផ្សាយនៃការកសាងកេរ្តិ៍ឈ្មោះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងប្រទេស និងអន្តរជាតិឱ្យកាន់តែលេចធ្លោឡើង និងផុសផុលឲ្យបានខ្លាំងក្លាផងដែរ”។

“ក្រៅពីនោះ ក៏យើងទទួលបានអនុសាសន៍បន្ថែមពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ស្តីពីការធ្វើផែនការបម្រុង បង្ការហានីភ័យ នៅក្នុងផែនការណាមួយដែលផែនការបម្រុងនោះ នឹងអាចយកទៅកែច្នៃ និងឆ្លងថ្នាក់ដឹកនាំ គឺយើងអាចយកទៅអនុវត្តសម្រួចគោលដៅរបស់យើង ឲ្យមានប្រសិទ្ធភាព និងដំណើរការដោយរលូន។ នៅក្នុងនោះ យើងក៏បានស្តាប់នូវសំណូមពររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cup នាខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយសម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងសន្និបាតទាំងមូលបានគំាទ្រ និងឯកភាព”។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ជាមួយគ្នានោះ យើងក៏បានស្តាប់ប្រសាសន៍របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានគណៈកម្មការសន្តិសុខ-សណ្តាប់ធ្នាប់នៃ CAMSOC ដែលបានបង្ហាញនូវភាពហ្មត់ចត់នៃវឌ្ឍនភាពការងារ ដោយរៀបចំផែនការច្បាស់លាស់អំពីការរៀបចំសន្តិសុខ-សណ្តាប់ធ្នាប់ជាតិ និងអន្តរជាតិ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។ ទាំងអស់នេះ គឺជាគោលគំនិត ធាតុចូលសំខាន់ៗរបស់គណៈកម្មការជំនាញ ដែលបានផ្តល់ជូនដល់ CAMSOC ដើម្បីទទួលបាននូវភាពគត់មត់គ្រប់ជ្រុងជ្រោយ សម្រួចគោលដៅឱ្យការទទួលធ្វើម្ចាស់ផ្ទះហ្គេមតំបន់អាស៊ីអាគ្នេយ៍ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យ៕

ប្រភពអត្ថបទនិងរូបភាព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង