×

អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រគល់ជូនរថយន្តម៉ាក Prius ១គ្រឿង ដល់គ្រូបង្វឹកជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi

ភ្នំពេញ៖ តាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រគល់ជូនរថយន្តម៉ាក Prius ១គ្រឿង ដល់គ្រូបង្វឹកជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា។

លោក ខេស៊ី បាណេត មានប្រសាសន៍ថា លោកបានទិញរថយន្តនេះជូនដល់លោកគ្រូបង្វឹក Komeil Ghasemi ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក ក្នុងការបំពេញកាតព្វកិច្ចរបស់គាត់ ដើម្បីជួយជំរុញឱ្យគុណភាពបច្ចេកទេសក្រុមជម្រើសជាតិចំបាប់កម្ពុជា កាន់តែខ្លាំងក្លា ដើម្បីត្រៀមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ និងឆ្ពោះទៅប្រជែងមេដាយឲ្យបានកាន់តែច្រើន ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះ។

លោកចាត់ទុកថា ការនាំយកគ្រូបង្វឹកជនជាតិអ៊ីរ៉ង់រូបនេះ ថ្វីត្បិតរយៈពេលហ្វឹកហាត់ត្រៀមខ្លីបន្តិចមែន ប៉ុន្តែក្រុមជម្រើសជាតិចំបាប់ មានមូលដ្ឋានគ្រឹះល្អប្រសើរ ហើយក្រុមជម្រើសជាតិ ធ្លាប់ចូលរួមប្រកួតលើឆាកអន្តរជាតិ ដូច្នេះពួកគាត់ក៏មានបទពិសោធច្រើនផងដែរ។ «យើងត្រូវទទួលស្គាល់ការពិត ដោយការហ្វឹកហាត់២ឆ្នំា វាមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏លោកអនុប្រធានរូបនេះដាក់ក្តីសង្ឃឹមថា ប្រភេទកីឡាចំបាប់កម្ពុជានឹងប្រជែងបានមេដាយជូនជាតិ ពីព្រឹត្តិការណ៍ស៊ីហ្គេម ២លើកចំពោះមុខនេះ ដោយលោកជឿជាក់លើសមត្ថភាព បទពិសោធន៍របស់លោក Komeil Ghasemi ដែលជាម្ចាស់មេដាយមាសអូឡាំពិកហ្គេម ២០១២ នៅទីក្រុងឡុង និងជាម្ចាស់មេដាយសំរឹទ្ធ អូឡាំពិកហ្គេម ២០១៦ អូឡាំពិកហ្គេម ទីក្រុងរីយ៉ូ រួមទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធអន្តជាតិក្នុងអាស៊ីជាច្រើនទៀត កាលពីលោកនៅជាកីឡាករ ប្រកួតប្រជែងមេដាយជូនជាតិរបស់គាត់»។

លោក Komeil Ghasemi បានលើកឡើងដែរថា ក្រៅពីការលើកកម្ពស់ជំនាញបច្ចេកទេស លោកនឹងប្រើប្រាស់ចិត្តវិទ្យា ដើម្បីជំរុញឆន្ទៈដល់ក្រុមជម្រើសជាតិ ឱ្យប្រឹងប្រែងហ្វឹកហាត់ឱ្យបានគត់មត់ ប្រកបដោយភាពជឿជាក់ ក្តីសង្ឃឹម ក្នុងការសម្រួចបច្ចេកទេសស្វែងរកមេដាយជូនជាតិពីការប្រកួតនាពេលខាងមុខ៕

ប្រភពអត្ថបទនិងរូបភាព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង