×

កម្ពុជា គ្រប់គ្រង​បាល់​បានច្រើន​ជាង​ម៉ាឡេស៊ី តែខ្វះ​ការបញ្ចប់ទី ក្នុង​បរាជ័យ ៣-១

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញពីការអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងការប្រកួតបើកឆាកពូល B ពានរង្វាន់ AFF Cup 2020 ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីម្សិលមិញ ទោះបីជាលទ្ធផល មិនទទួលបានដូចអ្វីដែលកម្ពុជាចង់បានក៏ដោយ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយលោក Keisuke Honda អ្នកចាត់ការជនជាតិជប៉ុន បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមម៉ាឡេស៊ី ដោយលទ្ធផល ៣-១ នៅឯប្រទេសសិង្ហបុរី ដែលធ្វើជាម្ចាស់ផ្ទះ កាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១។

ក្នុងវគ្គទី១ ម៉ាឡេស៊ី បានបើកការនាំមុខ ដោយបាល់ប៉េណាល់ទីសម្រេចដោយកីឡាករ Safawi Rasid មកពីក្លិប JDT នៅនាទី២៣ ហើយលទ្ធផល ១-០ បានរក្សាដល់ចប់តង់ទី១ ទោះបីជាកម្ពុជាព្យាយាមដើម្បីរកគ្រាប់បាល់វាយបកក៏ដោយ។ ចូលដល់វគ្គទី២ កីឡាករ Rashid ដដែល បានបន្ថែមគ្រាប់ទី២ នៅនាទី៦១ មុនកីឡាករ Raj Kogileswaran ខ្សែប្រយុទ្ធមកពីក្លិប Petaling Jaya CFC ជាអ្នករកគ្រាប់ទី៣សម្រាប់ក្រុមម៉ាឡេស៊ី។ រហូតដល់នាទី៩០ ទើបកម្ពុជា ទទួលបានបាល់ប៉េណាល់ទី ដែលស៊ុតសម្រេចដោយកីឡាករ សេត រ៉ូស៊ីប ហើយលទ្ធផល បានបញ្ចប់ត្រឹម ៣-១ ។

ងាកទៅមើលស្ថិតិគ្រប់គ្រងបាល់វិញ កម្ពុជា គ្រប់គ្រងបាន ៥៦,៩% ខណៈ ម៉ាឡេស៊ី គ្រប់គ្រងបានតែ ៤៣,១% ។ កម្ពុជា ស៊ុតបាន ១៤លើក ចំគោលដៅ ៦លើក ឯម៉ាឡេស៊ី ស៊ុត ១៧លើក ចំគោលដៅ ៩លើក។

ចំណែក ១គូទៀត វៀតណាម បានយកឈ្នះ ឡាវ ដោយលទ្ធផល ២-០ ក្នុងពូល B។

បរាជ័យនេះ ធ្វើឱ្យកម្ពុជា ឈរនៅលេខ ៤ ខណៈឡាវ នៅលេខ៥។ ម៉ាឡេស៊ី ឈរនៅលេខ១ វៀតណាមឈរលេខ២ ហើយ ឥណ្ឌូណេស៊ី លេខ៣។ ឥណ្ឌូណេស៊ី នឹងធ្វើការប្រកួតទី១របស់ខ្លួន ទល់នឹងកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ខាងមុខនេះ៕

(មានវីដេអូ)

ប្រភពរូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង