×

ស្ថានទូតចិនប្រចាំកម្ពុជា ថ្លែងថា “ពហុកីឡដ្ឋានជាជំនួយរបស់ភាគីចិនឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ”

ភ្នំពេញ៖ យោងតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ នៅដើមសប្តាហ៍នេះ ដែលនេះបានបង្ហាញពីអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន និងកម្ពុជា និងការផ្សាភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការ ស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា។

ស្ថានទូតចិនបានលើកឡើងខ្លឹមសារបន្ថែមទៀតថា «គម្រោងខាងលើនេះមានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ហើយជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។ ពហុកីឡដ្ឋានថ្មីនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ខាងមុខនេះផងដែរ»។

នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងចិន-កម្ពុជា៕

ប្រភពរូបភាព៖ ស្ថានទូតចិនប្រចាំកម្ពុជា
ប្រភពអត្ថបទនិងរូបភាព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង