ក្រុម Atletico Madrid បានឆ្លងផុតវគ្គចែកពូល និងបន្តឡើងដល់វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League បន្ទាប់ពីបានយកឈ្នះក្រុម FC Porto ក្នុងការប្រកួតបញ្ចប់ពូល B តាមរយៈលទ្ធផល ៣-១ ។
៤៥នាទីដំបូងលើទីលាន Estádio do Dragão របស់ក្រុម Porto នេះ មិនមានការស៊ុតបញ្ចូលទីទេ។ លុះដល់នាទី៥៦នៃវគ្គទី២ ខ្សែប្រយុទ្ធ Antoine Griezmann ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមលោក Diego Simeone។ នាទី៦៧ ក្រុម Atletico Madrid ក៏ត្រូវបាត់បង់សមាជិក១រូប គឺកីឡាករខ្សែការពារ Yannick Carrasco ដែលត្រូវពិន័យកាតក្រហម ព្រោះការបង្កកំហុសលើកីឡាករ Otavio ។ ផ្ទុយមកវិញ ក្រុមម្ចាស់ផ្ទះ Porto ក្រៅពីមិនអាចរកឱកាសស៊ុតបញ្ចូលទីរបស់គូប្រជែងហើយ ពួកគេ ក៏ត្រូវរងពិន័យកាតក្រហមកីឡាករ២រូបដែរ គឺខ្សែការពារ Wendell រងពិន័យនៅនាទី៧០ និង អ្នកចាំទី Agustin Marchesin នៅក្នុងនាទី៧៥។
អូសបន្លាយដល់ចុងម៉ោងទើបមានការស៊ុតបញ្ចូលទីពីសំណាក់កីឡាករខ្សែប្រយុទ្ធ Angel Correa ក្នុងនាទី ៩០ និងកីឡាករខ្សែបម្រើ Rodrigo De Paul ក្នុងនាទី៩០+២។ យ៉ាងណា ក្រុម Porto តាមសងបាន១គ្រាប់វិញ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Sergio Oliveira នៅនាទី៩០+៦។
នៅក្នុងពូលជាមួយគ្នានេះដែរ ក្រុមហង្សក្រហម Liverpool បានបន្ដជ័យជម្នះ ១០០ភាគរយ ក្រោយវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ AC Milan ដោយលទ្ធផល ២-១ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមអង់គ្លេសទី១ ដែលឈ្នះទាំង៦ប្រកួតនៅ UEFA Champions League វគ្គចែកពូល។
ដូច្នេះ Liverpool មាន១៨ពិន្ទុពេញឈរកំពូលតារាង ខណៈ Atletico Madrid បញ្ចប់លទ្ធផលក្នុងវគ្គចែកពូល ជាមួយចំណាត់ថ្នាក់លេខ២ មាន៧ពិន្ទុ ខណៈ Porto មាន៥ពិន្ទុឈរនៅលេខ៣ ហើយ AC Milan ស្ថិតនៅបាតតារាងមាន៤ពិន្ទុ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕