ការប្រកួតរវាងក្រុមអ៊ីតាលី Atalanta ទល់នឹងក្រុមអេស្ប៉ាញ Villarreal ក្នុងជំនួបបញ្ចប់ពូល F ពានរង្វាន់ UEFA Champions League ត្រូវបានពន្យារពេលហើយ ដោយសារតែមានព្រិលធ្លាក់ខ្លាំងពេក។
ជាការពិត ជំនួបក្រុមទាំង២ត្រូវធ្វើឡើងកាលពីយប់មិញនាទីលាន Atleti Azzurri D’italia របស់ក្រុម Atalanta ប៉ុន្តែ ដោយសារអាកាសធាតុអាក្រក់ទើបការប្រកួតមិនអាចដំណើរការទៅបាន។ តាមពិតទៅ ដំបូងឡើយ ក្រុមបុគ្គលិកលើទីលាន បានព្យាយាមកែសម្រួលបញ្ហាព្រិលធ្លាក់ខ្លាំងនេះ ដោយគូរគំនូសក្រហម ដើម្បីមើលឃើញទីលានបាន និងប្រើឧបករណ៍បោសវាសព្រិលចេញជាច្រើនដង ដោយការធ្វើបែបនេះក៏ព្រោះតែពួកគេបានឃើញថា កីឡាករក្រុមទាំងសងខាង បានរៀបចំខ្លួនរួចរាល់សម្រាប់ការប្រកូួតទៅហើយ។
ទោះយ៉ាងណា គ្រប់យ៉ាងហាក់មិនងាយស្រួលឡើយ ហើយព្រិលកាន់តែបន្តធ្លាក់ខ្លាំងដដែល ទើបចុងក្រោយលោកមន្ត្រីអាជ្ញាកណ្តាល Anthony Taylor ជនជាតិអង់គ្លេស បានសម្រេចលើកពេលប្រកួតទៅកាន់ថ្ងៃព្រហស្បតិ៍វិញ។
ក្នុងពូល F នេះ ក្រុម Manchester United បានបញ្ចប់ការប្រកួតក្នុងពូល ដោយឈរកំពូលតារាង មាន១១ពិន្ទុ រីឯ Villarreal នៅលេខ២ មាន៧ពិន្ទុ ហើយ Atalanta នៅលេខ៣ មាន៦ពិន្ទុ។ ដូច្នេះការប្រកួតនេះគឺជាការប្រកួតកាត់ក្តីរវាងក្រុម Atalanta និងក្រុម Villarreal ដោយអ្នកឈ្នះនឹងទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រីឯអ្នកចាញ់ត្រូវទៅលេងនៅពានរង្វាន់ UEFA Europa League វិញ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕