ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ក្នុងការប្រកួតដែល Manchester United បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១ ទល់នឹង Young Boys ក្នុងប្រកួតចុងក្រោយនៃវគ្គចែកពូល F ពានរង្វាន់ Uefa Champions League។
ស្របពេលទទួលបានកៅអីវគ្គ១៦ក្រុមរួចជាស្រេច អ្នកចាត់ការស្ដីទីរបស់ក្រុមបិសាចក្រហម លោក Ralf Rangnick បានផ្ដល់ឱកាសដល់កីឡាករដែលលេងក្នុងជម្រើស១១នាក់ទល់នឹង Crystal Palace បានសម្រាក។
គ្រាប់បាល់ ដ៏ល្អរបស់ Greenwood ក្រោយទទួលបានការបញ្ជូនពីស្លាបខាងឆ្វេងដោយ Luke Shaw ជួយអោយ ក្រុមបិសាចក្រហមបើកការនាំមុខមុនលើគូប្រជែង។ យ៉ាងណា នៅចុងវគ្គទី១ ខ្សែបម្រើ Donny Van De Beek បញ្ជូនបាល់ឱ្យមិត្តរួមក្រុមមិនបានល្អ ហើយត្រូវឆក់បានដោយ Fabian Rieder ស៊ុតបញ្ចូលទីដើម្បីតាមស្មើ ឱ្យក្រុមភ្ញៀវ Young Boys វិញ។
នៅក្នុងវគ្គទី២មិនមានការស៊ុតបញ្ចូលទីទេ ដោយលទ្ធផល ១-១ បន្តដល់ចប់ការប្រកួត។
នៅក្នុងការប្រកួតនេះដែរ អ្នកចាត់ការ Rangnick បានផ្ដល់ឱកាសដល់កីឡាករយុវជនជាច្រើនរូប បានបង្ហាញសមត្ថភាពលើទីលាន ដែលក្នុងនោះក៏មាន កីឡាករមានឈាមជ័រនៅអាស៊ីម្នាក់ដែរគឺ ខ្សែបម្រើមានដើមកំណើតអ៊ីរ៉ាក់ Zidane Iqbal។ ប៉ុន្ដែអ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ខ្សែការពារ Aaron Wan-Bissaka ត្រូវបានសែងចេញពីទីលាន ដោយសាររបួសនៅពេលការប្រកួតបញ្ចប់។
ដូច្នេះ បញ្ចប់ការប្រកួតក្នុងពូល F គឺ Manchester United ឈរកំពូលតារាងដោយមាន១១ពិន្ទុ។ រីឯក្រុមអេស្ប៉ាញ Villarreal និង ក្រុមអ៊ីតាលី Atalanta មិនទាន់បានកាត់សេចក្តីថា ក្រុមណានឹងទទួលបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយឡើយ ដោយសារការប្រកួតរបស់ពួកគេត្រូវបានពន្យាពេល។ រីឯ ក្រុម Young Boys បានអស់ឱកាសហើយ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕