×

គ្រូបង្គោល​កម្ពុជា ចាប់អារម្មណ៍​ទម្រង់​កាន់តែ​ល្អប្រសើរ​ឡើង ក្រោយ​ប្ដូរកីឡាករ​២រូបចូល

សិង្ហបុរី៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលរងបរាជ័យ នៅក្នុងការប្រកួតទី២ ពូល B ពានរង្វាន់ AFF Suzuki Cup 2020 ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសសិង្ហបុរី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១។

៣គ្រាប់ក្នុងរយៈពេលកន្លះម៉ោងដំបូង បានធ្វើឱ្យឥណ្ឌូណេស៊ីនាំមុខកម្ពុជា ប៉ុន្តែការវាយបករបស់កម្ពុជា នៅក្នុងវគ្គទី២ បានបង្ហាញពីការគ្រប់គ្រងការប្រកួតបានយ៉ាងប្រសើរ ពិសេសវត្តមានរបស់កីឡាករជើងចាស់ដែលមានបទពិសោធច្រើនក្នុងការប្រកួតព្រឹត្តិការណ៍ធំៗ ដែលត្រូវបានប្ដូរចូល។

លេងបានតែ៥នាទីប៉ុណ្ណោះ ឥណ្ឌូណេស៊ីក៏រកបាន១គ្រាប់ នៅពេលដែលកីឡាករ Rachmat Irianto បានតែតបាល់ជ្រុងពីខាងស្តាំ មុនពេលប្រធានក្រុម Evan Dimas ទាត់បញ្ចូលទីគ្រាប់ទី២ នៅនាទីទី១៨។ កីឡាករ Rachmat ដដែល បានបន្ថែមគ្រាប់ទី៣ នៅនាទីទី៣៣ ខណៈកម្ពុជាបានវាយបកវិញ១គ្រាប់ ៥នាទីក្រោយមកដោយការតែតបាល់របស់ យ៉ើ សាហ្វី។

ក្នុងវគ្គទី២ ឥណ្ឌូណេស៊ី បាន បន្ថែមការនាំមុខលទ្ធផល ៤-១ នៅ ពេល ដែលកីឡាករ Ramai Melvin Rumaklek ស៊ុតពីចម្ងាយ២០ម៉ែត្រ។ ប៉ុន្តែកម្ពុជា មិនបោះបង់ឡើយ ខណៈ កីឡាករជើងចាស់ ប្រាក់ មុន្នីឧត្តម និងច្រឹង ពលរដ្ឋ បានបង្កើតឱកាសបន្ថែម។ ឧត្តម បានរកបានគ្រាប់បាល់ទីពីរសម្រាប់កម្ពុជា ដោយការស៊ុតហ្វ្រីឃីក ។

គ្រូបង្គោលកម្ពុជា លោក Ryu Hirose បាននិយាយថា៖ “ក្រុមមានភាពប្រសើរឡើងនៅពេលដែលយើងប្ដូរចូលកីឡាករដែលមានបទពិសោធកាន់តែច្រើនក្នុងតង់ទីពីរ។ វាជាការប្រកួតដ៏ល្អមួយនៅថ្ងៃនេះ ហើយពួកគេ បានបង្ហាញថា ពួកគេអាចលេងក្នុងកម្រិតដែលយើងចង់បាន៕”

ប្រភពរូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង