ក្រុមអេស្ប៉ាញ Villarreal បានក្លាយជាក្រុមចុងក្រោយគេដែលបានធានាកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ក្រោយយកឈ្នះក្រុមអ៊ីតាលី Atalanta ដោយលទ្ធផល ៣-២ ក្នុងជំនួបពូល F។
សូមរំលឹកថា ក្រុមទាំង២ត្រូវប្រកួតគ្នាតាំងពីយប់ថ្ងៃពុធ ប៉ុន្តែដោយសារបញ្ហាអាកាសធាតុព្រិលធ្លាក់ខ្លាំង ទើបត្រូវលើកពេលប្រកួតមកកាន់យប់ថ្ងៃព្រហស្បតិ៍វិញ ដោយត្រូវធ្វើឡើងនាទីលាន Atleti Azzurri D’italia របស់ក្រុម Atalanta ដដែល។
សម្រាប់ការប្រកួតកាលពីយប់មិញនេះគឺក្រុមភ្ញៀវ Villarreal បានបើកការនាំមុខក្រោយពីកែលបាល់បានតែ៣នាទីជាការស៊ុតបញ្ចូលទីរបស់កីឡាករ Arnaut Danjuma ។ ចូលដល់នាទី៤២ ក្រុមដែលដឹកនាំដោយអតីតគ្រូបង្គោល Arsenal លោក Unai Emery ក៏បង្កើនការនាំមុខគ្រាប់ទី២ ស៊ុតបញ្ចូលទីដោយកីឡាករ Etienne Capoue ។
នៅក្នុងវគ្គទី២ ក្រុម Villarreal បន្តការនាំមុខគ្រាប់ទី៣ ដោយកីឡាករ Arnaut Danjuma ដដែលស៊ុតបញ្ចូលទីនៅនាទី៥១។ ទោះយ៉ាងណា ក្រុមម្ចាស់ផ្ទះ Atalanta បានព្យាយាមធ្វើការវាយបកនឹងរកបាន២គ្រាប់សងមកវិញ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Ruslan Malinovsky ក្នុងនាទី៧១ និង ការស៊ុតរបស់កីឡាករ Duvan Zapata ក្នុងនាទី៨០ ប៉ុន្តែការបានត្រឹម២គ្រាប់នេះមិនអាចរារាំងក្រុម Villarreal មិនអោយទទួលបានជ័យជំនះនោះទេ។
ដូច្នេះ ក្រុម Villarreal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល F ដោយមាន១០ពិន្ទុ ពីក្រោម Manchester United ចំនួន១ពិន្ទុ។ រីឯក្រុម Atalanta ដែលបញ្ចប់ចំណាត់ថ្នាក់លេខ៣ក្នុងពូលមាន៦ពិន្ទុ ត្រូវទៅលេងក្នុងពានរង្វាន់ Europa League វិញ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕