×

វិសាខា និងភ្នំពេញក្រោន រក្សាកំណត់ត្រាមិនស្គាល់ចាញ់ តែអង្គរថាយហ្គឺរ បន្ដឈរកំពូលតារាងលីគកំពូលកម្ពុជា សប្ដាហ៍ទី៨ នៃជើងទី១

ភ្នំពេញ៖ តាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២១ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៨ នៃជើងទី១ហើយ ខណៈដែលមាន ២ក្រុមប៉ុណ្ណោះ ដែលរក្សាបាននូវកំណត់ត្រាមិនទាន់ស្គាល់ចាញ់ គឺក្រុមវិសាខា និងភ្នំពេញក្រោន បន្ទាប់ពីក្រុមទាំងពីរ ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជាមួយក្រុមកំពូលតារាងអង្គរថាយហ្គឺរ និងក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

 

វិសាខា បានយកឈ្នះ និងបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផល ៣-១ នៅកីឡដ្ឋានព្រីនស៍។ ក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធវិសាខា Marcus Haber រកបាន ២គ្រាប់ម្នាក់ឯង ក្នុងវគ្គទី១ នៅនាទី១៥ និងនាទី២០ មុនកីឡាករ ឡុង ភារ៉ាត់ វាយបកបាន ១គ្រាប់ឲ្យអង្គរថាយហ្គឺរវិញ នៅនាទី៥៦។ តែយ៉ាងណា រ៉ឺង ប៊ុនហៀង ដែលទើបប្ដូរចូល បានបង្កើនគ្រាប់បាល់នាំមុខ ៣-១ ឲ្យវិសាខា ក្រោយការស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទី៨៨ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

 

ចំណែកក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមព្រះខ័នរាជស្វាយរៀង ៣-៣ នៅកីឡដ្ឋាន Smart RSN។ ក្នុងជំនួបដ៏ជក់ចិត្តនេះ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Privat បានទាត់បំប៉ោងសំណាញ់ទីក្រុមសិង្ហក្រហម ២គ្រាប់មុន នៅនាទី៣៩ និងនាទី៤៥ មុន លឹម ពិសុទ្ធ វាយបកបាន ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះវិញ នៅនាទី៤៥+២។ ចូលវគ្គទី២ លឹម ពិសុទ្ធ ដដែល បានស៊ុតគ្រាប់តាមស្មើ ២-២ នៅនាទី៦២ មុនកីឡាករ ប្រាក់ ធីវ៉ា រកបានគ្រាប់បាល់នាំមុខវិញ ៣-២ ឲ្យភ្នំពេញក្រោន នៅនាទី៧៣។ ប៉ុន្ដែ នៅ១០នាទីចុងក្រោយមុនចប់ការប្រកួត ខ្សែប្រយុទ្ធ Lopez Mendy បានស៊ុតគ្រាប់តាមស្មើឲ្យក្រុមព្រះខ័នរាជស្វាយរៀងវិញ ៣-៣ នៅនាទី៨០។

តាមរយៈលទ្ធផលនៃការប្រកួតធំៗប្រចាំសប្ដាហ៍ទី៨នេះ នៅសល់ក្រុមខ្លាំងៗ ២ក្រុមប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ចាញ់សោះ ក្នុងរដូវកាលថ្មី រួមមានក្រុមវិសាខា និងភ្នំពេញក្រោន ស្របពេលក្រុមអង្គរថាយហ្គឺរ បានស្គាល់បរាជ័យលើកដំបូង តែពួកគេនៅតែបន្ដឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន១៩ពិន្ទុក្នុងដៃ ពីការប្រកួត ៨លើកឈ្នះ៦ ស្មើ១ និងចាញ់១។ រីឯក្រុមវិសាខា ឈរលេខរៀងទី២ និងមាន១៥ពិន្ទុក្នុងដៃ ជាមួយលទ្ធផលប្រកួត៧លើក ឈ្នះ៤ និងស្មើ៣ ខណៈក្រុមភ្នំពេញក្រោន ដែលទើបប្រកួតបាន៥លើក ឈ្នះ៤ និងស្មើ១ ឈរលេខរៀងទី៥ និងមាន១៣ពិន្ទុ ស្មើក្រុមព្រះខ័នរាជស្វាយរៀង ដែលប្រកួត៧លើក ឈ្នះ៤ ស្មើ១ និងចាញ់២។

 

ចំពោះការប្រកួតសប្ដាហ៍ទី៩ នឹងបន្ដការប្រកួតនាចុងសប្ដាហ៍នេះ ដោយមាន៤ប្រកួត ក្នុងនោះវិសាខា និងភ្នំពេញក្រោន ត្រូវបានគេរំពឹងខ្ពស់ នឹងអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់របស់ខ្លួន ដ្បិតវិសាខា ត្រូវជួបក្រុមបាតតារាងសូលទីឡូអង្គរ ខណៈភ្នំពេញក្រោន ត្រូវជួបក្រុមអគ្គិសនីកម្ពុជា។ ប៉ុន្ដែគូពិសេសនាចុងសប្ដាហ៍នេះ គឺក្រុមការពារតំណែងជើងឯកបឹងកេត ប៉ះក្រុមកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។ រីឯ១ប្រកួតទៀត គឺក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបម្ចាស់ផ្ទះខេត្តព្រៃវែង ដោយការប្រកួតទាំង៤គូនេះ នឹងធ្វើឡើងនាថ្ងៃទី១៨ ខែកក្កដា វេលាម៉ោង៣៖៣០នាទីរសៀលដូចគ្នា លើកលែងភ្នំពេញក្រោន ជួបក្រុមអគ្គិសនីកម្ពុជា ដែលត្រូវប្រកួតនាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋាន Smart RSN៕

 

ប្រភពរូបភាព ៖ CNCC

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង