×

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ Cristiano Ronaldo អំពីអនាគតរបស់គាត់

Cristiano Ronaldo បានថ្លែងថា៖ “អ្នកណាក៏ដឹងថា ខ្ញុំផ្តោតអារម្មណ៍ទៅលើទំហំការងាររបស់ខ្ញុំប៉ុណ្ណា។ និយាយតិច ហើយធ្វើសកម្មភាពច្រើន នេះគឺជាបាវចនាណែនាំរបស់ខ្ញុំ តាំងពីចាប់ផ្តើមអាជីពរបស់ខ្ញុំមកម្ល៉េះ។ ទោះបីយ៉ាងណាក៏ដោយ ដោយមើលឃើញនិងដឹងឮនូវអ្វីៗទាំងអស់ដែលបានលើកឡើងនិងសរសេរកាលពីថ្មីៗនេះ ខ្ញុំត្រូវតែកំណត់ជំហររបស់ខ្ញុំផ្ទាល់ផងដែរ។

លើសពីការមិនគោរពចំពោះខ្ញុំ ក្នុងនាមជាបុរសម្នាក់និងជាកីឡាករមួយរូបនោះ រឿងរ៉ាវដែលមិនមានគោលបំណង ឬតម្លៃច្បាស់លាស់សម្រាប់អនាគតរបស់ខ្ញុំត្រូវបានគ្របដណ្តប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺស្មើនឹងការមិនគោរពដល់ក្លិបទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងពាក្យចចាមអារ៉ាមទាំងនេះ ក៏ដូចជាកីឡាករនិងបុគ្គលិករបស់ពួកគេ។

រឿងរ៉ាវរបស់ខ្ញុំនៅ Real Madrid ត្រូវបានសរសេរនិងកត់ត្រាទុកនូវ ចំនួនការប្រកួត ពានរង្វាន់ ជើងឯក កំណត់ត្រានានា នៅក្នុងសារមន្ទីរនៅកីឡដ្ឋាន Bernabeu ហើយវាក៏ស្ថិតនៅក្នុងដួងចិត្តរបស់អ្នកគាំទ្រក្លិបទាំងអស់ផងដែរ។ ហើយលើសពីអ្វីដែលខ្ញុំសម្រេចបាន ខ្ញុំចងចាំថាក្នុងរយៈពេល៩ឆ្នាំ ខ្ញុំមានសេចក្តីស្រឡាញ់និងគោរពយ៉ាងជ្រាលជ្រៅចំពោះ Real Madrid ហើយសេចក្តីស្រឡាញ់និងការគោរពដែលខ្ញុំបានរក្សារហូតមកដល់សព្វថ្ងៃនេះ ខ្ញុំនឹងការពារនិងថែរក្សាជានិច្ច។ ខ្ញុំដឹងថាអ្នកគាំទ្រ Real Madrid ពិតប្រាកដ នឹងបន្តមានខ្ញុំនៅក្នុងចិត្ត ហើយខ្ញុំនឹងមានពួកគេនៅក្នុងចិត្តរបស់ខ្ញុំដូចគ្នា។

ថ្មីៗនេះនៅប្រទេសអេស្ប៉ាញមានព័ត៌មាននិងរឿងរ៉ាវទាក់ទងជាមួយខ្ញុំជាច្រើនដែលពាក់ព័ន្ធនឹងក្លិបមួយចំនួននៅក្នុងលីគផ្សេងៗគ្នា តែមិនមានអ្នកណាម្នាក់ខ្វល់ខ្វាយនិងព្យាយាមស្វែងរកព័ត៌មានពិតឡើយ។

ឥឡូវនេះ ខ្ញុំបញ្ចេញមតិយោបល់ ខ្ញុំមិនអាចអនុញ្ញាតឱ្យអ្នកដទៃបន្តយកឈ្មោះខ្ញុំទៅលេងសើចតទៅទៀតទេ។ ខ្ញុំនៅតែផ្តោតលើអាជីពនិងការងាររបស់ខ្ញុំ ហើយខ្ញុំប្តេជ្ញានិងត្រៀមខ្លួនសម្រាប់រាល់បញ្ហាប្រឈមដែលខ្ញុំត្រូវប្រឈមមុខ”៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង