ខ្សែបម្រើ Serge Gnabry បានរកគ្រាប់បាល់៣គ្រាប់ក្នុងចំណោមលទ្ធផល ៥-០ ដែលក្រុមក្រុម Bayern Munich បានយកឈ្នះក្រុមម្ចាស់ផ្ទះ Stuttgart នៅក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ Bundesliga សប្តាហ៍ទី១៦។
Serge Gnabry បានស៊ុតបញ្ចូលទីគ្រាប់បើកឆាកពេលការប្រកួតដំណើរការបាននាទី៤០ លើទីលាន Mercedes-Benz Arena ។ ចូលដល់នាទី៥៣នៃវគ្គទី២ កីឡាករវ័យ២៦ឆ្នាំ ដដែល ក៏ស៊ុតបន្ថែមគ្រាប់ទី២បានសម្រេច។ នៅនាទី៦៩ ខ្សែប្រយុទ្ធ Robert Lewandowski បានរកគ្រាប់បាល់បន្ថែមគ្រាប់នាំមុខទី៣ ហើយនាទី៧២កីឡាករប៉ូឡូញដដែល បានស៊ុត១គ្រាប់ទៀតជាគ្រាប់ទី៤របស់ Bayern Munich ។
Lewandowski ពេលនេះរកបាន៤២គ្រាប់ហើយ សម្រាប់ការប្រកួតនៅទឹកដីអាល្លឺម៉ង់ក្នុងឆ្នាំ២០២១ គឺគេបានតាមស្មើកំណត់ត្រាឆ្នាំ១៩៧២ របស់អតីតខ្សែប្រយុទ្ធ Gerd Muller ដែលជាកីឡាកររកគ្រាប់បាល់ច្រើនជាងក្នុង១ឆ្នាំនៅក្របខណ្ឌ Bundesliga ។
Lewandowski ត្រូវការតែ១គ្រាប់ទៀតប៉ុណ្ណោះពេលទៅប្រកួតនៅទឹកដីរបស់ក្រុម Wolfsburg នៅចុងសប្តាហ៍នេះ ដើម្បីបង្កើតកំណត់ត្រាថ្មីជាកីឡាកររកគ្រាប់បាល់ច្រើនជាងក្នុង១ឆ្នាំនៅលីគកំពូលអាល្លឺម៉ង់។ នៅនាទី៧៤ Serge Gnabry ក៏រកបានគ្រាប់ទី៣របស់ខ្លួន និង ជាគ្រាប់ទី៥របស់ Bayern Munich មុនបញ្ចប់ការប្រកួត។
ជ័យជម្នះនេះ ធ្វើឱ្យ Bayern Munich បង្កើនគម្លាតពិន្ទុកំពូលតារាងក្របខណ្ឌ Bundesliga ដោយមាន ៤០ពិន្ទុ ឆ្លងកាត់១៦ប្រកួត ពីលើក្រុមលេខ២ Borussia Dortmund ចំនួន៩ពិន្ទុ តែក្រុម Dortmund ទើបតែប្រកួតបាន១៥ប្រកួតប៉ុណ្ណោះ។ រីឯក្រុម Stuttgart នៅលេខ១៥ មាន១៧ពិន្ទុ ពីលើតំបន់កាត់ចោលតែ១ពិន្ទុ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕