×

ការប្រកួតទូកក្តោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ កំពុងស្វិតស្វាញនៅក្នុងលំហរសមុទ្រដ៏ស្រស់ស្អាត នៃខេត្តព្រះសីហនុ

ព្រះសីហនុ៖ ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៌ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១ កីឡាករកំពុងតែប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត នៅលើលំហសមុទ្រនៃខេត្តព្រះសីហនុ ដែលព្រឹត្តិការណ៍ដ៏ចាប់អារម្មណ៍នេះ ជាលើកទី១សម្រាប់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ ដែលមានសមាសភាពចូលរួមពីកីឡាជាតិ-អន្តរជាតិ មកពី៣ប្រទេសគឺ កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលមានកីឡាករ-កីឡាការិនី ២៧នាក់(ស្រី៣នាក់) ក្នុងនោះ កីឡាករខ្មែរចំនួន ១៥នាក់(ស្រី១នាក់) សឹង្ហបុរីចំនួន ៨នាក់(ស្រី២នាក់) និងម៉ាឡេស៊ីចំនួន ៣នាក់ និងមានទូកក្តោងចំនួន ២២ទូក ដោយចាប់ផ្តើមពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ និងត្រូវបញ្ចប់ការប្រកួតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ព្រឹត្តិការណ៍នេះ សរបញ្ជាក់ឱ្យឃើញថា កម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញក្រោមនយោបាយរាជរដ្ឋាភិបាលកម្ពុជា ពិសេសការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រយុទ្ធប្រឆាំងកូវីដ-១៩ បានស្ទើរតែ១០០ភាគរយ នៅទូទាំងប្រទេស។ ម្យ៉ាងវិញទៀត ការប្រណាំងទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ដែលធ្វើនៅខេត្តព្រះសីហនុនេះ បានចាប់ផ្ដើមបើកកាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោក ថោង ខុន បានលើកឡើងថា ប្រទេសកម្ពុជាមានសក្តានុពលជាច្រើន ដែលបង្ហាញទៅដល់ពិភពលោកឱ្យបានស្គាល់ដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ក្នុងនោះក៏មានទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិជាច្រើន ក្នុងការអភិវឌ្ឍរបស់ប្រទេសឱ្យមានការរីកចម្រើន។

ម្យ៉ាងវិញទៀត ខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចគំរូពហុបំណងរបស់កម្ពុជា ដែលមានសក្តានុពលទាំងសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដែលបង្ហាញឱ្យឃើញពីការអភិវឌ្ឍរីកចម្រើនដូចជាផ្លូវធំទូលាយល្អស្អាតមានឆ្នេរវែងសល្អស្អាត ទាំងដីគោកដីកោះ មានកោះតូចធំ ធនធានបាតសមុទ្រ និងធនធានធម្មជាតិតំបន់ទេសចរណ៍ជាច្រើនទៀត ដែលបានទាក់ទាញភ្ញៀវទាំងជាតិ និងអន្តរជាតិ អ្នកវិនិយោគមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុកាន់តែច្រើនឡើង។ ការប្រណាំងទូកក្តោងអាស៊ីអាគ្នេយ៍ជ្រើសរើសជើងឯកឆ្នាំ២០២១ កាន់តែបង្ហាញឱ្យពិភពលោកបានស្គាល់អំពី សក្តានុពលប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត៕

ដោយ៖ ប៉ៃ សុឃីម

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង