×

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់រួចរាល់ ១០០%

ភ្នំពេញ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ ១០០% ហើយ ខណៈពិធីប្រគល់ និងទទួលសមិទ្ធផលប្រវត្តិសាស្ដ្រនេះ គ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។

នេះជាប្រសាសន៍របស់លោកអគ្គលេខាធិការ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដើម្បីចុះពិនិត្យស្ថានភាពមួយចំនួន នៃការត្រៀមរៀបចំការបោះជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពិសេសពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធលម្អិត ទាំងក្នុង និងក្រៅជុំវិញពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃនេះ។

លោក វ៉ាត់ ចំរើន បន្ថែមថា៖ «ក្រោយពីបានដើរពិនិត្យជុំវិញអស់ហើយ ឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោ មានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដាអន្ដរជាតិ ដោយមានការរៀបចំតាមលំដាប់លំដោយ មានសណ្ដាប់ធ្នាប់ល្អគ្រប់កន្លែង ទាំងបន្ទប់ កន្លែងបច្ចេកទេស និងកន្លែងផ្សេងៗទៀត បានបែងចែកត្រឹមត្រូវ សូម្បីច្រកចេញ-ចូល ពោលគឺត្រូវនឹងស្ដង់ដារពហុកីឡដ្ឋានអន្ដរជាតិ ដែលអាចទទួលរៀបចំកម្មវិធី និងការប្រកួតបានគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពីលំដាប់ទាបដល់លំដាប់ខ្ពស់បំផុត»។

ជាទូទៅពិនិត្យឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោពេលនេះ គឺចប់សព្វគ្រប់ ១០០% ហើយ ដូចយើងបានដើរមើល គឺនៅតែការតុបតែង កែលម្អតិចតួចប៉ុណ្ណោះ ព្រោះធម្មតាសំណង់ធំស្កឹមស្កៃបែបនេះ យើងត្រូវការជួសជុលតិចតួចបន្ថែម ប៉ុន្ដែជារួម សំណង់ទូទៅ ទីលានទូទៅ បន្ទប់ទូទៅ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក គឺរួចរាល់អស់ហើយ។ យើងកំពុងតែពិនិត្យមើលលទ្ធភាព និងពេលវេលា ហើយខាងក្រុមហ៊ុនសាងសង់ចិន ក៏បានដកកម្មករជំនាញទៅវិញបណ្ដើរៗ ហើយត្រៀមរៀបចំបណ្ដុះបណ្ដាលកម្មករខ្មែរ ជំនាញការខ្មែរ និងវិស្វករខ្មែរ កំពុងរៀបចំបណ្ដើរៗ រហូតដល់ថ្ងៃប្រគល់ និងទទួល ដែលតាមគម្រោង អាចក្នុងខែតុលា។

«ប៉ុន្ដែជាទូទៅគណៈកម្មការពិនិត្យបច្ចេកទេស ទាំងភាគីចិន ស្ថានទូតចិននៅកម្ពុជា ក៏ដូចគណៈកម្មការត្រួតពិនិត្យដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន គឺបានឯកភាពគ្នាអស់ហើយ គឺថា សំណង់ទាំងមូល និងបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់អស់ហើយ ទាំងទីលានបាល់ទាត់ និងទីលានអត្តពលកម្ម មានគ្រប់ទាំងអស់ ស្របតាមស្ដង់ដារទាំងអស់។ នេះគឺជាសមិទ្ធផលថ្មីមួយ ហើយយើងសង្ឃឹមថា យើងនឹងទទួលនូវមោទនភាពជាតិទាំងអស់គ្នា ចំពោះការទទួលបាននូវសមិទ្ធផលថ្មីដ៏មហាសាល ក្នុងសម័យតេជោពេលនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

ជាមួយគ្នានេះ ការសាងសង់រួចរាល់នូវសំណង់ប្រវត្តិសាស្ដ្រនេះ គណៈកម្មាធិការជាតិ CAMSOC ក៏កំពុងរៀបចំកម្មវិធី និងស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយភាគីចិន ដើម្បីអបអរសាទរមរតកដ៏អស្ចារ្យនេះ។ បន្ទាប់មកស្ដាតថ្មីនេះ នឹងអាចទទួលរៀបចំការប្រកួតអន្ដរជាតិបាន ដូចជាការដាក់បេក្ខភាពដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2021 នាខែធ្នូ និងការប្រកួតជាច្រើនទៀត ពិសេសដើម្បីជំរុញការផ្សព្វផ្សាយ និងការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ សម្រាប់ការសាងសង់ ឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។

សម្រាប់កីឡដ្ឋានធំវិញ គឺមានសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានបំពាក់កន្លែងកម្សាន្តរបស់កុមារ, មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈតែ ៧នាទីប៉ុណ្ណោះ។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕

ប្រភពអត្ថបទនិងរូបភាព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង