×

អបអរសាទរ! កម្ពុជា ឈ្នះមេដាយមាស១គ្រឿង ប្រាក់៤ និងសំរិទ្ធ៣គ្រឿង ក្នុងការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍

ព្រះសីហនុ៖ លោក ថោង រដ្ឋសក្តិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជាក់ឱ្យដឹង ថា ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ មានរយៈពេល៥ថ្ងៃ បានបញ្ចប់ដោយភាពជោគជ័យ នឹងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីប្រតិភូ កីឡាការ កីឡាការិនី និងប្រធានគណៈកម្មការបច្ចេកទេសអន្តរជាតិ ចំពោះការរៀបចំបានល្អ និងមានស្តង់ដាអន្តរជាតិ។

 

លោកបានបញ្ជាក់ទៀតថា ជោគជ័យនៃការរៀបចំលើកដំបូងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីលើប្រភេទកីឡាទូកក្តោងកម្ពុជាឈានទៅទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិជាបន្តទៀត និងកាន់តែធំជាងនេះ។

អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាអះអាងថា តាមរយៈដែលអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានពីការប្រកួតអន្តរជាតិមួយនេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ការរៀបចំការប្រកួតកម្រិតអាស៊ី និងអាស៊ាន ហើយឈានដណ្តើមបានមេដាយសរុបរហូត៨គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៣គ្រឿង ដោយសមត្ថភាពកីឡាករ
ពិតៗ គ្មានការសុំមេដាយ ឬក៏លួចបន្លំ ដោយមិនយុត្តិធម៌នោះទេ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ពិតជាមានក្តីសោមមន្សរីករាយខ្លាំងណាស់ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះ ហើយក៏ជាការរៀបចំ លើកទី១ វានឹងក្លាយជាបទពិសោធសម្រាប់រៀបចំទទួលការប្រកួតអន្តរជាតិក្រោយទៀត ដោយយើងត្រៀមលក្ខណៈឱ្យកាន់តែល្អជាងនេះបន្ថែមទៀត។

សម្រាប់លទ្ធផលការប្រកួតលើ៥វិញ្ញាសា កម្ពុជាដណ្តើមបានមេដាយសរុប៨គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់៤ និងសំរិទ្ធ៣គ្រឿង ក្នុងនោះ-វិញ្ញាសា Winsurfing RS: One កម្ពុជាដណ្តើមបានមេដាយទាំងមាស ប្រាក់ និងសំរិទ្ធ ម៉ាឡេស៊ីដណ្តើមបានមេដាយសរុប២គ្រឿង មាស១ ប្រាក់១ និង សិង្ហបុរីដណ្តើមបានមេដាយសរុប១១គ្រឿង មាស៥ ប្រាក់២ និងសំរិទ្ធ៤គ្រឿង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង