ភ្នំពេញ៖ យោងតាមការផ្សាយរបស់វេបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានឱ្យដឹងថា ការប្រកួតជើងទីពីរនៃលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២១ នឹងត្រូវផ្លាស់ប្តូរទម្រង់ កាលវិភាគ និងការបែកចែកក្រុម។
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដែលជាអ្នករៀបចំការប្រកួតលីគក្នុងស្រុកបានសំរេចថាក្រុមកំពូលទាំង៨ នៅចុងបញ្ចប់នៃជើងទី១ នឹងឈានទៅប្រកួតដើម្បីរកជើងឯក ខណៈពេលដែលក្រុមប្រាំដែលនៅសល់នឹងត្រូវប្រកួតក្នុងវគ្គជម្រុះដើម្បីបន្ដនៅក្នុងលីគកំពូលកម្ពុជានៅរដូវកាលក្រោយ។
ការផ្លាស់ប្តូរនេះត្រូវបានចាត់ទុកថាជាការចាំបាច់ដោយសារស្ថានភាពប្រែប្រួលបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ១៩ ។ គួររម្លឹកផងដែរថា កាលពីរដូវកាលឆ្នាំមុនការប្រកួតនៅជើងទី២គឺមានការផ្លាស់ប្ដូរដោយយកក្រុមកំពូលទាំង៦ ប្រកួតប្រជែងបន្ដដើម្បីរកជើងឯក ហើយក្រុមបឹងកេតទទួលបានជ័យជំនះ។