×

កំពូលអ្នកវាយកូនបាល់អេស្ប៉ាញ Rafael Nadal ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩

កំពូលអ្នកវាយកូនបាល់របស់អេស្ប៉ាញ Rafael Nadal បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ក្រោយត្រឡប់មកដល់ស្រុកកំណើតវិញ បន្ទាប់ពីរូបគេបានចូលរួមការប្រកួតកម្មវិធី Mubadala World Tennis Championship នាទីក្រុង Abu Dhabi សហព័ន្ធអារ៉ាប់។

Rafael Nadal ជើងឯក Grand Slam ២០ដង បានរងបរាជ័យក្រោមថ្វីដៃកីឡាករអង់គ្លេស Andy Murray ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីចុងសប្តាហ៍កន្លងទៅ។ កីឡាករវ័យ៣៥ឆ្នាំនេះ ទើបតែត្រឡប់មកកាន់ទីលានវិញ ក្រោយខកខានជិត៤ខែ ដោយសាររបួស។ ការត្រឡប់មកវិញនេះ ក្រៅពីមិនបានទទួលជ័យជំនះនៅក្នុងការប្រកួតហើយ នៅត្រូវឆ្លងជំងឺកូវីដ១៩ថែមទៀត។

Rafael Nadal បានអះអាងថា៖ “ខ្ញុំមានអារម្មណ៍មិនសូវស្រួលខ្លួន ហើយពេលត្រឡប់មកដល់ប្រទេសអេស្ប៉ាញវិញក៏ស្រាប់តែធ្វើតេស្តវិជ្ជមានតែម្តង។ តាមពិតទៅ ខ្ញុំបានធ្វើតេស្តរហូតមិនថាពេលនៅសហព័ន្ធអារ៉ាប់ទេ ដោយលទ្ធផលចេញមកអវិជ្ជមានជានិច្ច តែពេលមកដល់ទីនេះបែរជាធ្វើតេស្ត PCR វិជ្ជមានទៅវិញ។ យ៉ាងណា ខ្ញុំសង្ឃឹមថា នឹងបានធូរស្រាលក្នុងពេលឆាប់ៗ។”

ដោយសារការ ឆ្លងកូវីដ១៩ នឹងធ្វើឱ្យ Nadal ប្រឈមមិនអាចចូលរួមប្រកួតប្រជែងនៅពានរង្វាន់វាយកូនបាល់ជាបន្តបន្ទាប់នៅដើមឆ្នាំ២០២២។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មានគម្រោងចូលរួមប្រកួត ATP ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី មុនពេលការប្រកួតពានរង្វាន់ Grand Slam បើករដូវកាលឆ្នាំ២០២២ គឺពានរង្វាន់ Australian Open នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករា។ Nadal អះអាងថា រូបគេនឹងបត់បែនតាមស្ថានភាពជំងឺបច្ចុប្បន្ន នឹងថ្លឹងថ្លែងថាតើខ្លួនអាចចូលរួមប្រកួតបានទាន់ពេលឬក៏អត់ ហើយការសម្រេចចិត្តចុងក្រោយរួបគេនឹងប្រកាសនៅពេលខាងមុខ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង