លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ថា ការប្រកួត World Cup រៀងរាល់២ឆ្នាំម្តងនឹងបង្កើតប្រាក់ចំណូលបន្ថែមច្រើនជាងការធ្វើ៤ឆ្នាំម្តង។
សមាជិកសហព័ន្ធទាំង២១១ បានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ FIFA ខណៈការពិភាក្សាលើផែនការរបស់លោក Arsene Wenger ក្នុងការរៀបចំ World Cup ២ឆ្នាំម្តងកាន់តែកើនឡើង។ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL បានជំទាស់ តែសហព័ន្ធបាល់ទាត់អាហ្រ្វិក CAF បានគាំទ្រចំពោះការផ្លាស់ប្តូរ។
FIFA រៀបរាប់ថា សិទ្ធិផ្សព្វផ្សាយ និងប្រាក់ចំណូលឧបត្ថម្ភពី World Cup រៀងរាល់ពីរឆ្នាំម្តង នឹងកើនឡើងជាង៤ពាន់លានដុល្លារ ក្នុងការប្រកួតដែលមាន ៤៨ក្រុម និង ៣ប្រទេសធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០៣០ វានឹងធ្វើឱ្យបណ្ដាប្រទេសជាសមាជិកមានឱកាសលេងប្រកួតអន្ដរជាតិច្រើន។ អ្នកបង្កើតគម្រោង លោក Wenger ប្តេជ្ញាកាត់បន្ថយគម្លាតប្រាក់ឧបត្តម្ភរវាងប្រទេសអ្នកមាន និងក្រីក្រ ហើយកីឡាករប្រទេសក្រីក្រមានឱកាសអភិវឌ្ឍខ្លួនដល់កម្រិតពេញលេញ។
លោក Gianni Infantino ប្រធាន FIFA ក៏អះអាងថា នេះជារឿងល្អសម្រាប់គ្រប់គ្នា ដើម្បីទទួលបានការប្រកួតប្រជែងថ្មី។ មួយវិញទៀត ចំណូលដែល FIFA ទទួលបាន ក៏នឹងត្រូវចែកទៅតាមបណ្ដាប្រទេសទាំងអស់ ដែលជាសមាជិក ២១១នោះផងដែរ។
ដោយឡែក UEFA បានលើកឡើងពីបញ្ហាប្រឈមដោយនឹងធ្វើឱ្យការប្រកួតរួមទាំងលីគនៅអឺរ៉ុបអាចខាតបង់ចំណូលប្រហែល៩ពាន់លានដុល្លារក្នុងមួយរដូវកាល។ វាក៏នឹងប៉ះពាល់ដល់កីឡាករ ព្រោះពួកគេមិនមានពេលសម្រាកទេ ដោយត្រូវលេងទាំងនៅលីគ និងជម្រើសជាតិ។
ទោះមានការលើកឡើងពី UEFA និង CONMEBOL ក្តី តែ FIFA នៅតែមានទំនុកចិត្តថា ការឯកភាពគ្នាអាចត្រូវបានសម្រេចលើផែនការផ្លាស់ប្តូរនេះដោយពួកគេកំពុងរៀបចំស្នើទៅបណ្ដាប្រទេសគាំទ្រដល់ការរៀបចំពានរង្វាន់ World Cup លេង២ឆ្នាំម្ដង ជំនួសការលេង៤ឆ្នាំម្ដង។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕