×

ខ្សែប្រយុទ្ធ Kylian Mbappe រកបាន៣គ្រាប់ម្នាក់ឯងជួយ Paris Saint Germain ឈ្នះក្រុម Vannes ក្នុងពានរង្វាន់ Coupe de France

ខ្សែប្រយុទ្ធ Kylian Mbappe រកបាន៣គ្រាប់ម្នាក់ឯងក្នុងចំណោមលទ្ធផលឈ្នះ ៤-០ របស់ក្រុម Paris Saint-Germain ទៅលើក្រុមមកពីលីគទី៤ Vannes OC ក្នុងពានរង្វាន់ Coupe de France វគ្គ៣២ក្រុម។

ការប្រកួតទៅប្រកួតលើទឹកដីរបស់ក្រុម Vannes OC នេះក្រុម Paris Saint-Germain មិនមានខ្សែប្រយុទ្ធ Lionel Messi ទេ ដោយសាររូបគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ហើយ Neymar ក៏មិនមានវត្តមានដែរ។ ទោះយ៉ាងណា ក្រុមចាយលុយធំបារាំងនេះ បានរកគ្រាប់នាំមុខ១គ្រាប់ក្នុងវគ្គទី១ នាទី២៨ ជាការតែតបញ្ចូលទីពីខ្សែការពារ Presnel Kimpembe ក្រោយការលើកបាល់ជ្រុងឱ្យរបស់កីឡាករ Nuno Mendes។

ឈានដល់វគ្គទី២ នាទី៥៩ ទើបមានគ្រាប់បាល់ត្រូវបានបំប៉ោងសំណាញ់ទីសាជាថ្មី ជាការស៊ុតបុកអ្នកចាំទីយ៉ាងល្អរបស់ Kylian Mbappe ។ នាទី៧១ Kylian Mbappe ដដែល បានស៊ុតបន្ថែមគ្រាប់ទី២របស់ខ្លួន នឹងជាគ្រាប់ទី៣របស់ Paris Saint-Germain ។ រំលងពីនោះតែ៥នាទី Mbappe បានឆក់ឱកាសល្អពីការចែកបាល់របស់មិត្តរួមក្រុម Xavi Simons ដើម្បីធ្វើការទាត់បញ្ចូលទីគ្រាប់ទី៣របស់ខ្លួន និងជាគ្រាប់បាល់ទី៤របស់ក្រុមលោក Mauricio Pochettino។

មកទល់ពេលនេះ Kylian Mbappe រកបាន១៥០គ្រាប់ហើយ អោយក្រុម Paris Saint-Germain បន្ទាប់ពីការបង្ហាញខ្លួន ១៩៦ដងកន្លងមក។ រូបគេជាកីឡាករទី៣ហើយ ដែលរកគ្រាប់បាល់១៥០គ្រាប់ឡើង ឱ្យក្រុម Paris St-Germain បន្ទាប់ពី Zlatan Ibrahimović និង Edinson Cavani ។

ដោយឡែក ក្រុម Vannes OC មិនមានឱកាសអូសបាល់ទៅមុខសំណាញ់ទីរបស់ក្រុមគូប្រជែងទេ។ យ៉ាងណា នាទីដែលនៅសល់ក៏មិនមានគ្រាប់បាល់ត្រូវស៊ុតបញ្ចូលទីទៀតដែរ គឺលទ្ធផល ៤-០ បន្តដល់ចប់ការប្រកួត។

សម្រាប់ជ័យជម្នះនេះ គឺក្រុម Paris St-Germain នឹងត្រូវបន្តទៅវគ្គ១៦ក្រុមចុងក្រោយជាបន្តទៀត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង