×

កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសប៉េតង់ពិភពលោក ទទួលប្រាក់រង្វាន់លើកទឹកចិត្តពីនាយករដ្ឋមន្ត្រី

កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់ជ័យលាភីមេដាយមាសកីឡាប៉េតង់ជើងឯកពិភពលោក និងទទួលប្រាក់រង្វាន់លើកទឹកចិត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

សូមរំឭកថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ ដែលអេស្ប៉ាញជាម្ចាស់ផ្ទះ បានរៀបចំការប្រកួតជា ៣ផ្នែក គឺផ្នែកនារី ផ្នែកបុរស និងយុវជន ប៉ុន្តែកម្ពុជា មិនបានបញ្ជូនកីឡាករផ្នែកយុវជនទៅចូលរួមនោះទេ។ ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយមាស ផ្នែកនារី លើវិញ្ញាសាវាយយកពិន្ទុ ដោយវីរកីឡាការិនី អ៊ុក ស្រីមុំ ។

កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស ១គ្រឿង ពីការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១ គឺជាមេដាយមាសទី៥របស់កម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីមេដាយមាស ៤ជំនាន់ ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។

ជាមួយគ្នានេះ កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា បានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីស្ថាប័នពាក់ព័ន្ធកីឡា ជាពិសេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយរៀបចំក្បួនដង្ហែរអមដោយម៉ូតូស យ៉ាងអធិកអធមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង