×

រឿងរ៉ាវសំខាន់ៗគួរដឹង ក្រោយចប់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ៤គូនៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា

ភ្នំពេញ៖ យោងតាមការជូនដំណឹងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឱ្យដឹងថា សម្រាប់លទ្ធផលការប្រកួតបាល់ទាត់ លីគកំពូលកម្ពុជា រដូវកាល២០២១ ដែលមានចំនួន៤គូនៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឃើញថា ព្រៃវែងអេហ្វស៊ី ចាញ់ព្រះខ័នរាជស្វាយរៀង ១ទល់នឹង២, វិសាខាឈ្នះសូលទីឡូអង្គរ ៥ទល់នឹង០, បឹងកេត ឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ២ទល់នឹង០ និងភ្នំពេញក្រោនឈ្នះអគ្គិសនីកម្ពុជា ៦ទល់នឹង០។ ក្រោយការប្រកួតនេះ យើងឃើញថា មានរឿងរ៉ាវគួរចាប់អារម្មណ៍មួយចំនួនដូចខាងក្រោម ៖

១. កីឡាករ២រូបធ្វើបានហ៊ែតទ្រីក

ខ្សែប្រយុទ្ធវិសាខា Opeyemi Ajayi Okerede និងខ្សែបម្រើភ្នំពេញក្រោន ប្រាក់ ធីវ៉ា រកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងសម្រាប់ក្រុមពួកគេរៀងៗខ្លួន។ Ajayi បានទាត់បញ្ចូលទី៣គ្រាប់ក្នុងវគ្គទី២ពេលវិសាខាឈ្នះសូលទីឡូអង្គរ៥ទល់នឹង០។ ចំណែកគ្រាប់បាល់ទាំង៦គ្រាប់ដែលភ្នំពេញក្រោនឈ្នះអគ្គិសនីកម្ពុជា៦ទល់នឹង០ គឺមាន៣គ្រាប់ធ្វើបានដោយប្រាក់ ធីវ៉ា។

 

សរុបមកទល់ពេលនេះមានកីឡាករ៦នាក់ហើយដែលរកគ្រាប់បាល់បញ្ចូលទីចាប់ពី៣គ្រាប់ឡើងទៅក្នុងមួយប្រកួត។ ចំណោម៦នាក់នោះមានខ្សែប្រយុទ្ធវិសាខា Marcus Warren Haber រកបាន៤គ្រាប់។ ក្រៅពីនេះ ចាន់ វឌ្ឍនាកា (បឹងកេត), Abee Ndjoo (អាស៊ីអឺរ៉ុបយូណាយធីត), Marcio Marques (ណាហ្គាវើលដ៍), Opeyemi Okerede (វិសាខា) និង ប្រាក់ ធីវ៉ា (ភ្នំពេញក្រោន) សុទ្ធតែរកបាន៣គ្រាប់ក្នុងមួយប្រកួត។

 

២. ចាន់ វឌ្ឍនាកា បង្កើនការនាំមុខក្នុងនាមកីឡាករក្នុងស្រុករកបានគ្រាប់បាល់ច្រើនជាងគេ

២គ្រាប់ដែលចាន់ វឌ្ឍនាកា រកបានពេលបឹងកេតឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ២ទល់នឹង០ មានន័យថា តារាឆ្នើមរូបនេះមាន៧គ្រាប់ហើយដែលជាគ្រាប់បាល់ច្រើនជាងគេក្នុងចំណោមកីឡាករកម្ពុជា។

ជាមួយគ្នានេះ កែវ សុខផេង ដែលស៊ុតបញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះលើសូលទីឡូអង្គរ៥ទល់នឹង០នោះ កំពុងស្ថិតនៅលេខ២ មាន៦គ្រាប់ តាមពីក្រោយ វឌ្ឍនាកា មួយគ្រាប់។

 

៣. ភ្នំពេញក្រោនធ្វើបាន CLEAN SHEET លើកដំបូង ខណៈព្រះខ័នរាជស្វាយរៀងនៅតែបន្តរបូតគ្រាប់បាល់

ទោះមិនទាន់ស្គាល់បរាជ័យនៅឡើយក្នុងការប្រកួត៦លើកមុន ភ្នំពេញក្រោនបានរបូតគ្រាប់បាល់គ្រប់ប្រកួត។ ផ្ទុយទៅវិញក្នុងជំនួបតទល់អគ្គិសនីកម្ពុជា ក្រុមរបស់គ្រូបង្គោល Oleg Starynski បានរក្សាសំណាញ់ទីមិនរបូតគ្រាប់បាល់សោះជាលើកដំបូង។ នេះក៏ជាការប្រកួតដំបូងដែលក្រុមជើងឯក លីគកំពូលកម្ពុជា ៦សម័យផ្ដល់ឱកាសដល់អ្នកចាំទីវ័យក្មេង សាវែង សំណាង បានបង្ហាញខ្លួនក្នុងរដូវកាលនេះ។

 

ដោយឡែក ព្រះខ័នរាជស្វាយរៀង នៅតែបន្តរបូតគ្រាប់បាល់ ពោលមិនទាន់ CLEAN SHEET នៅឡើយទេពីការប្រកួត៨លើកដំបូងរបស់ពួកគេ។ សម្រាប់ក្រុមដែលមាន CLEAN SHEET ច្រើនជាងគេគឺ វិសាខា ដែលមាន៤លើក ហើយ៤លើកនោះសុទ្ធតែរ៉ាប់រងដោយអ្នកចាំទី កែវ សុខសិលា។

 

គួរបញ្ជាក់ថា នៅថ្ងៃអង្គារ ទី២០ ខែកក្កដា នឹងមានការប្រកួតមួយគូរវាងម្ចាស់ផ្ទះអង្គរថាយហ្គឺរ និងណាហ្គាវើលដ៍ នាកីឡដ្ឋាន SRU៕

 

ប្រភពអត្ថបទនិងរូបភាព៖ CNCC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង