×

ទូរទស្សន៍ CTN បង្កើតកម្មវិធីប្រដាល់ថ្មី “CBS គុនខ្មែរ” ដណ្តើមខ្សែក្រវាត់ពីរទម្ងន់ក្នុងពេលតែមួយ

ភ្នំពេញ៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា ហៅកាត់ ស៊ីប៊ីអេស (CBS) នៅថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាជាមួយសហព័ន្ធកីទ្បាប្រដាល់គុនខ្មែរ ដើម្បីបង្កើតកម្មវិធី ប្រកួត គុនខ្មែរ ថ្មីមួយទៀត ក្នុងគោលបំណងបន្តលើកកម្ពស់គុនខ្មែរ និងផ្តល់ឱកាសឱ្យអ្នកប្រដាល់បង្កើនសមត្ថភាព។

 

 

ពិធីចុះហត្ថលេខានេះ បានធ្វើទ្បើងរវាងលោក Rajveer Singh នាយកប្រតិបត្តិក្រុមហ៊ុន ស៊ីប៊ីអេស និងលោក តែម ម៉ឺន ប្រធានសហព័ន្ធកីទ្បាប្រដាល់គុនខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយកដ្ឋានកីទ្បានៃក្រសួងអប់រំ យុវជន និងកីទ្បា ថ្នាក់ដឹកនាំ ស៊ីប៊ីអេស និងតំណាងក្រុមហ៊ុនមួយចំនួនទៀត នៅឯទីស្នាក់ការក្រុមហ៊ុន ស៊ីប៊ីអេស។

 

 

“CBS គុនខ្មែរ” ជាកម្មវិធីប្រកួតគុនខ្មែរថ្មីមួយទៀត និងអាចនិយាយបានថាដំបូងគេ ដែលរៀបចំតាមរូបមន្តប្លែក និងពុំដែល មានការប្រកួតបែបនេះ នៅកម្ពុជាពីមុនមកឡើយ។ កីឡាករដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់មានចំនួនសរុប ១៦នាក់ គឺប្រភេទទម្ងន់ ៥៧គ.ក ចំនួន ៨នាក់ និងប្រភេទទម្ងន់ ៥៤គ.ក ចំនួន ៨នាក់។ ពួកគេជាក្រុមអ្នកប្រដាល់កម្រិត (ខ) ត្រូវប្រកួតជម្រុះតាមរូបមន្ត សន្សំពិន្ទុឆ្ពោះទៅដណ្តើមខ្សែក្រវាត់ និងទឹកប្រាក់ ៥.០០០ដុល្លារ។ បន្ថែមពីនេះ ខ្សែវីដេអូជីវិតពិត គ្រប់ៗគ្នាទាំងនៅក្នុង និងក្រៅសង្វៀន ក៏ត្រូវបញ្ចូលបន្ថែម ដើម្បីឱ្យកម្មវិធីកាន់តែមានភាពទាក់ទាញ។

អ្វីដែលប្លែកខុសពីកម្មវិធីមុនៗ និងពុំដែលមាននោះ គឺកីឡាករម្នាក់ៗក្នុងប្រភេទទម្ងន់ផ្សេងគ្នា២រូប អាចចាប់ដៃគូគ្នាធ្វើជាក្រុមមួយ ប្រកួតចំនួន ៣ប្រកួតក្នុងពូលរៀងៗខ្លួន។ ពិន្ទុ (ឈ្នះ ឬចាញ់) ពីគណៈចៅក្រមក្នុងការប្រកួតវគ្គចែកពូលនោះ ត្រូវយកមកគណនារៀងៗខ្លួនរួច បូកបញ្ចូលគ្នាទាំង២នាក់ ធៀបជាមួយក្រុមផ្សេងៗ ដើម្បីយកពិន្ទុខ្ពស់ឆ្ពោះទៅយកប្រាក់ ៥.០០០ដុល្លារ។

 

 

លោក Rajveer Singh នាយកប្រតិបត្តិក្រុមហ៊ុន ស៊ីប៊ីអេស បានថ្លែងថា៖ “កីឡាគុនខ្មែរ បានបង្កភាពសប្បាយរីករាយដល់អ្នកទស្សនារាប់លាននាក់នៅពាសពេញប្រទេស តាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហើយកីឡាគុនខ្មែរលែងមានអ្វីអាថ៌កំបាំងទៀតហើយ ដែលត្រូវទទួលស្គាល់យ៉ាងទូលំទូលាយថាជាកីឡាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា”។

“CBS គុនខ្មែរ” នឹងអញ្ជើញអ្នកប្រដាល់ជើងចាស់ចំនួន ៨រូបមកធ្វើជាគ្រូ បង្វឹកសម្រាប់ផ្តល់ការប្រឹក្សា និងការបង្ហាត់បង្ហាញដល់អ្នកប្រដាល់ដែលបានបែងចែកជា ៨ក្រុមនោះ និងបន្តដំណើរជាមួយអ្នកប្រដាល់ដែលបានទៅដល់វគ្គផ្តាច់ព្រ័ត្រផងដែរ។

 

“CBS គុនខ្មែរ” នឹងមានការចូលរួមជជែករាល់សប្តាហ៍ ដោយមនុស្សសំខាន់៤រូបទៀត គឺលោក ស៊ីថូ ណាថាន់ លោក យ៉េន ម៉ៅ លោក សេន ប៊ុនថេន និង កញ្ញា ពេជ្រ ចរណៃ ដែលសុទ្ធតែមានបទពិសោធច្រើនឆ្នាំលើវិស័យប្រដាល់។ “CBS គុនខ្មែរ” នឹងធ្វើការប្រកួត២គូរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧យប់ដល់ម៉ោង ៩យប់ និងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN។ ការបើកឆាកប្រកួតលើកដំបូង នឹងធ្វើទ្បើងនៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

ព័ត៌មានបន្ថែម សូមទាក់ទង
លោក គុជ ចាន់វិសាល នាយករងប្រតិបត្តិក្រុមហ៊ុន ស៊ីប៊ីអេស
ទូរសព្ទ ៖ 012 929 646
អ៊ីមែល ៖ [email protected]

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង