×

ក្រុមបាល់ទាត់នារីអាហ្វហ្គានីស្ថាន ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីជម្លៀសចេញពីប្រទេស

រដ្ឋាភិបាលអូស្រ្តាលី បានជម្លៀសកីឡាបាល់ទាត់នារី និងអត្តពលិកជាង ៥០ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុករបស់ពួកគេ ចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានការអំពាវនាវពីស្ថាប័នពិភពលោក FIFA និង Fifpro។

សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ Fifpro បានសម្តែងការដឹងគុណចំពោះប្រទេសអូស្ត្រាលី។

បន្ទាប់ពីការវាយដណ្តើមយកទីក្រុងកាប៊ុលវិញ ដោយពួកតាលីបង់ អត្តពលិកអាហ្វហ្គានីស្ថានជាច្រើននាក់ បានលាក់ខ្លួន។

អតីតប្រធានក្រុមបាល់ទាត់នារីអាហ្វហ្គានីស្ថាន លោកស្រី Khalida Popal បានចាត់ទុកការជម្លៀសសមាជិកក្រុមបាល់ទាត់នារីអាហ្វហ្គានីស្ថាន និងក្រុមយុវជនរបស់ពួកគេ ថា ជាជ័យជម្នះដ៏សំខាន់។

ទោះយ៉ាងណាក៏ដោយ គាត់បានព្រមានថា ការងារជាច្រើនទៀតនៅតែត្រូវការ ដើម្បីជួយសង្គ្រោះអ្នកដទៃពីជោគវាសនាមិនច្បាស់លាស់។

កាលពីសប្តាហ៍មុនស្ថាប័ន FIFA បានចូលរួមជាមួយ Fifpro ដើម្បីធ្វើលិខិតទៅកាន់រដ្ឋាភិបាលជុំវិញពិភពលោក ស្នើសុំជំនួយ ខណៈកីឡាការិនីអាហ្វាហ្គានីស្ថាន មានការភ័យខ្លាចចំពោះជីវិតរបស់ពួកគេ។

នៅពេលដែលពួកតាលីបង់បានដណ្តើមអំណាចនៅអាហ្វហ្គានីស្ថាន កាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០ ក្មេងស្រីត្រូវបានរារាំងមិនឱ្យចូលរៀន បន្ទាប់ពីអាយុ ១០ឆ្នាំ ហើយត្រូវបង្ខំឱ្យរៀបការទាំងវ័យក្មេង។ ស្ត្រីមិនអាចចាកចេញពីផ្ទះតែម្នាក់ឯងឡើយ ហើយត្រូវបានគេបង្ខំឱ្យស្លៀកពាក់ឱ្យជិតៗ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង