CBS គុនខ្មែរ នឹងធ្វើការប្រកូតចំនួន ២គូ នៅយប់ថ្ងៃសុក្រនេះ ដើម្បីស្វែងរកក្រុម និងកីឡាករដែលមានពិន្ទុខ្ពស់ជាងគេ ក្នុងដំណើរឆ្ពោះទៅរកម្ចាស់ខ្សែក្រវាត់ និងប្រាក់រង្វាន់ ៥០០០ដុល្លារ។
ក្នុងរាត្រីនេះ លោកអ្នកនឹងបានទស្សនាការប្រកួតរវាងក្រុមខ្យាដំរីឧត្តរ របស់លោកគ្រូ ឈុត ឈុនលី ទល់នឹងក្រុមឥន្ទ្រីអាគ្នេយ៍ បង្វឹកដោយលោកគ្រូ ជ័យ ស៊ីណេត។ ក្នុងនោះ កីឡាករ ផល ស៊ីឡុង ប្រកួតជាមួយ ធន់ ស៊ីហុង ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម និង កីឡាករ សូដា សូសែន ប្រកួតជាមួយ គឿម សុវណ្ណង៉ា ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។
យប់នេះ ជាការបិទការប្រកួតទី១ ក្នុងចំណោមការប្រកួតចំនួន៣លើក សម្រាប់កីឡាករទាំង១៦រូប នៃក្រុមទាំង៨ របស់ CBS គុនខ្មែរ។ ទាំងពីរគូនេះ ជាការប្រកួតក្នុងពូលB ។ បច្ចុប្បន្ន ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ម៉ន វណ្ណនី មាន៣ពិន្ទុ និងអេលីត ផានិក មាន១ពិន្ទុ ខណៈក្នុង ៥៧គីឡូក្រាម អេរ៉ាវ៉ាន់ ចាន់រាជ មាន៣ពិន្ទុ និង ស៊ីន ថៃសាន់ មាន១ពិន្ទុ។
ក្នុងពូល A យើងបានរកឃើញក្រុម និងកីឡាករ ដែលមានពិន្ទុខ្ពស់ជាងគេ ក្រោយការប្រកួតទី១។ សម្រាប់ប្រភេទទម្ងន់៥៤គីឡូក្រាម៖ កីឡាករ ទេព ឧត្តម និង ប៊ន ពន្លឹក មាន៣ពិន្ទុស្មើគ្នា បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតទីមួយរៀងៗខ្លួន ខណៈ រឿង ឌីណា និង ផាន់ ខាំតៃ ទទួលបាន១ពិន្ទុ ដោយសារបរាជ័យនៅប្រកួតដំបូង។ ជាមួយគ្នានេះ ក្នុងប្រភេទ៥៧គីឡូក្រាម៖ ថា សារុន និង ឡុង អាឆើត ទទួលបាន៣ពិន្ទុ ពីជ័យជម្នះក្នុងប្រកួតទីមួយ។ រីឯ ឯម សីហា និង ប៉ែន កាក់ចៅចិត្រ មាន១ពិន្ទុក្នុងដៃ។
សូមជម្រាបថា កីឡាករទាំងអស់ ត្រូវប្រកួតចំនួន ៣លើកក្នុងពូល សម្រាប់វគ្គសន្សំពិន្ទុ ដើម្បីស្វែងរកអ្នកដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតខ្វែងរវាងលេខ១ ប៉ះលេខ២ ក្នុងពូល A និង ពូល B។ អ្នកឈ្នះវគ្គផ្ដាច់ព្រ័ត្រ នឹងក្លាយជាម្ចាស់ខ្សែក្រវាត់ CBS គុនខ្មែរ។
បើមើលលើពិន្ទុជាក្រុមវិញដើម្បីដណ្ដើមប្រាក់រង្វាន់ ៥០០០ដុល្លារក្នុងវគ្គសន្សំពិន្ទុវិញ បច្ចុប្បន្ន ក្រុមចចកបស្ចិម កំពុងឈរនៅកំពូលតារាងដោយមាន ១៩៨,២ពិន្ទុ តាមពីក្រោយដោយក្រុម កញ្ជ្រោងបូព៌ា ១៩៧,៨ពិន្ទុ, ទន្សោងទក្សិណ ១៩៥,៤ពិន្ទុ, ឆ្លាមសឦសាន ១៩៤,៦ពិន្ទុ, ខ្លាធំពាយ័ព្យ ១៩២,៤ពិន្ទុ និងក្រុម នាគរាជនិរតី ១៩១,៨ពិន្ទុ។ នេះជាពិន្ទុ ដែលកីឡាករទាំងពីររូបនៃក្រុមនីមួយៗ ទទួលពីចៅក្រមទាំង៥រូប ដោយបូកបញ្ចូលគ្នា ចែកនឹង៥។
CBS គុនខ្មែរ នឹងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នាយប់ថ្ងៃសុក្រ ទី២៥ ខែមីនានេះ ចាប់ពីម៉ោង ៧យប់ដល់ ៩យប់៕