×

CBS គុនខ្មែរ ប្រកួតសប្ដាហ៍ទី៥៖ បង្ហាញពិន្ទុចៅក្រមសម្រាប់ការប្រកួត ប៊ន ពន្លឹក Vs រឿង ឌីណា និង ឡុង អាឆើត Vs ឯម សីហា

ការប្រកួតសប្ដាហ៍ទី៥ កម្មវិធី CBS គុនខ្មែរ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ខណៈនេះគឺជាការប្រកួតជុំទី២ សប្ដាហ៍ទី៥ ហើយ ក្នុងវគ្គសន្សំពិន្ទុ ដើម្បីឈានទៅរកម្ចាស់រង្វាន់ ៥០០០ដុល្លារ។

ក្រុមទន្សោងទក្សិណ ដែលទទួលបានជ័យជម្នះទាំងពីរប្រភេទទម្ងន់ កាលពីជុំទី១ បានបន្តយកឈ្នះប៉ះក្រុមនាគរាជនិរតី ទៀតនៅសប្ដាហ៍នេះ។

ជាលទ្ធផល ការប្រកួតក្នុងប្រភេទ ៥៤គីឡូក្រាម កីឡាករ ប៊ន ពន្លឹក បានយកឈ្នះលើ រឿង ឌីណា ដោយការសម្រេចជាឯកច្ឆន្ទ ពីសំណាក់ចៅក្រមទីមួយ ផ្ដល់ពិន្ទុ ៩៩ ទល់ ៩៦, ចៅក្រមទីពីរ ៩៩ ទល់ ៩៦, ចៅក្រមទីបី ១០០ ទល់ ៩៥, ចៅក្រមទីបួន ៩៩ ទល់ ៩៦, និងចៅក្រមទីប្រាំ ផ្ដល់ពិន្ទុ ៩៩ ទល់ ៩៦។

ក្នុងការប្រកួតប្រភេទទម្ងន់ ៥៧គីឡូក្រាម កីឡាករ ឡុង អាឆើត យកផ្ដួលកីឡាករ ឯម សីហា ដោយការសម្រេចជាឯកច្ឆន្ទ ពីសំណាក់ចៅក្រមទីមួយ ផ្ដល់ពិន្ទុ ៩៩ ទល់ ៩៦, ចៅក្រមទីពីរ ១០០ ទល់ ៩៥, ចៅក្រមទីបី ១០០ ទល់ ៩៥, ចៅក្រមទីបួន ១០០ ទល់ ៩៥, និងចៅក្រមទីប្រាំ ៩៩ ទល់ ៩៦។

យោងតាមរូបមន្តរបស់ CBS គុនខ្មែរ អ្នកឈ្នះទទួលបាន ៣ពិន្ទុ រីឯអ្នកចាញ់បាន ១ពិន្ទុ។ ដូច្នេះ កីឡាករ ប៊ន ពន្លឹក ទទួលបាន ៣ពិន្ទុ, កីឡាករ ឡុង អាឆើត ទទួលបាន ៣ពិន្ទុ, កីឡាករ រឿង ឌីណា ទទួលបាន ១ពិន្ទុ និងកីឡាករ ឯម សីហា ទទួលបាន ១ពិន្ទុ។

សរុបមក សប្ដាហ៍ទី៥ ក្រុមទន្សោងទក្សិណ ដោយលោកគ្រូ ផុន ផាន់ណា ទទួលបាន ៦ពិន្ទុពេញ ខណៈក្រុមនាគរាជនិរតីរបស់លោកគ្រូ រឿង សោភ័ណ្ឌ ទទួលបាន ២ពិន្ទុ។

ឆ្លងកាត់២ប្រកួត ប៊ន ពន្លឹក និង ឡុង អាឆើត មាន ៦ពិន្ទុដូចគ្នា ខណៈ រឿង ឌីណា និង ឯម សីហា មាន ២ពិន្ទុដូចគ្នា សម្រាប់ពិន្ទុឯកត្តជន។

ទស្សនាការប្រកួតឡើងវិញ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង