ឆ្លងកាត់ការប្រកួតលើសង្វៀន ៥សប្ដាហ៍កន្លងទៅ ក្រុមទន្សោងទក្សិណ របស់លោក ផុន ផាន់ណា បានដណ្ដើមបានពិន្ទុខ្ពស់បំផុត ក្នុងការប្រកួតទាំងពីរប្រភេទទម្ងន់ នៃកម្មវិធីប្រដាល់ CBS គុនខ្មែរ របស់ស្ថានីយទូរទស្សន៍ CTN ។
កាលពីសប្ដាហ៍មុន ជាសប្ដាហ៍ដំបូងនៃការប្រកួតជុំទី២ វគ្គសន្សំពិន្ទុ ដោយយើងបានឃើញ ពីរក្រុមទៀត បានប្រកួតគ្នា លើប្រភេទទម្ងន់ ៥៤គីឡូក្រាម និង ៥៧គីឡូក្រាម។ ក្នុងនោះ កីឡាករ ប៊ន ពន្លឹក បានយកឈ្នះលើ រឿង ឌីណា ដោយការសម្រេចជាឯកច្ឆន្ទ ពីសំណាក់ចៅក្រមទីមួយ ផ្ដល់ពិន្ទុ ៩៩ ទល់ ៩៦, ចៅក្រមទីពីរ ៩៩ ទល់ ៩៦, ចៅក្រមទីបី ១០០ ទល់ ៩៥, ចៅក្រមទីបួន ៩៩ ទល់ ៩៦, និងចៅក្រមទីប្រាំ ផ្ដល់ពិន្ទុ ៩៩ ទល់ ៩៦។ កីឡាករ ឡុង អាឆើត យកផ្ដួលកីឡាករ ឯម សីហា ដោយការសម្រេចជាឯកច្ឆន្ទ ពីសំណាក់ចៅក្រមទីមួយ ផ្ដល់ពិន្ទុ ៩៩ ទល់ ៩៦, ចៅក្រមទីពីរ ១០០ ទល់ ៩៥, ចៅក្រមទីបី ១០០ ទល់ ៩៥, ចៅក្រមទីបួន ១០០ ទល់ ៩៥, និងចៅក្រមទីប្រាំ ៩៩ ទល់ ៩៦។
ក្រោយការបូកពិន្ទុរបស់កីឡាករទាំងពីរក្រុមរួចមក រកឃើញ ក្រុមទន្សោងទក្សិណ ទទួលបាន ១៩៨,៨ពិន្ទុ ដែលជាពិន្ទុខ្ពស់ជាងកំណត់ត្រារបស់ក្រុមចចកបស្ចឹម កាលពីជុំទី១ ដែលរកបាន ១៩៨,២ពិន្ទុ។
ក្រុមនាគរាជនិរតីរបស់លោកគ្រូ រឿង សោភ័ណ្ឌ ទទួលបាន ១៩១,២ពិន្ទុ សម្រាប់ជុំទី២ បន្ទាប់ពី កីឡាករ រឿង ឌីណា និង ឯម សីហា ទទួលបរាជ័យទាំងពីរនាក់។
ក្រុមដែលមានពិន្ទុសរុបខ្ពស់ជាងគេ បន្ទាប់ពីការប្រកួតជុំទី៣បញ្ចប់ នឹងទទួលបានទឹកប្រាក់រង្វាន់ ៥០០០ ដុល្លារពីកម្មវិធី CBS គុនខ្មែរ។
គិតមកទល់ពេលនេះ ពិន្ទុឯកត្តជន រកឃើញ ប៊ន ពន្លឹក ទទួលបាល ៦ពិន្ទុ និង ឡុង អាឆើត ទទួលបាន ៦ពិន្ទុ ស្របពេលដែល រឿង ឌីណា និង ឯម សីហា ទទួលបាន ២ពិន្ទុស្មើគ្នា។
CBS គុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧យប់ដល់៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕