លោក ស សុខា អតីតប្រធានក្លិបវិសាខា ដែលបច្ចុប្បន្នរូបលោកជាមន្រ្តីជាន់ខ្ពស់ក្នុងក្រសួងអប់រំ យុវជននិងកីឡា បានបង្ហោះសារប្រតិកម្មឆ្លើយតបនឹងការលើកឡើងរបស់ប្រធានក្លិបអង្គរថាយហ្គឺរតាមរយៈ Facebook Page របស់លោកដូច្នឹងថា៖ ខ្ញុំសូមចូលរួមជាមួយលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ !
១. រឿងនេះកើតឡើងដដែលៗច្រើនលើកច្រើនសារពេកហើយ។
២. ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន យល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុងមួយឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ។
៣. ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា អស់ជាច្រើនឆ្នាំមកនេះ។
គួររម្លឹកផងដែរថា លោកប្រធានក្លិបអង្គរថាយហ្គឺរ បានប្រតិកម្មខ្លាំងទាក់ទងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន ក្រោយអង្គរថាយហ្គឺរ ប្រកួតជាមួយណាហ្កាវើលដ៍ ក្នុងលទ្ធផលបច្ចេកទេសអង្គរថាយហ្គឺរ បានចាញ់ណាហ្កាវើលដ៍ ១-២ ហើយក្នុងការប្រកួតនេះ ក៏មានករណីដែលកីឡាករអង្គរថាយហ្គឺរពីរនាក់ ទទួលបានកាតក្រហមផងដែរ។
លោកប្រធានក្លិបអង្គរថាយហ្គឺរ បានបង្ហោះវីដេអូខ្លីមួយ ជាមួយនឹងការសរសររៀបរាប់ថា “រហូតមកដល់ពេលនេះ ខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះនៅឯណា? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ? ព្រោះយើងជាក្លិបជប៉ុន?”
ហើយព្រឹកនេះប្រធានក្លិបអង្គរថាយហ្គឺរ បានបន្ថែមទៀតថា “មនុស្សជាតិរីកចម្រើនតាមរយៈការលំបាកជាច្រើន ខ្ញុំចង់ផ្តល់ក្តីសុបិន ក្តីសង្ឃឹម និងភាពក្លាហានក្នុងបាល់ទាត់ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា”៕