×

CBS គុនខ្មែរសប្ដាហ៍ទី៧៖ ជួបជាមួយក្រុមឆ្លាមសឦសាន និងក្រុមចចកបស្ចិម នឹងមកអង្រួនសង្វៀនថ្ងៃសុក្រនេះ!

បន្ទាប់ពីសម្រាករយៈពេល ១សប្ដាហ៍ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សង្វៀន CBS គុនខ្មែរ នឹងវិលត្រឡប់មកវិញ ដើម្បីបម្រើអារម្មណ៍របស់ទស្សនិកជន នៅលើកញ្ចក់ទូរទូរទស្សន៍ CTN នៅនាទីសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង ៧យប់ ដល់ ៩យប់។

សប្ដាហ៍នេះ លោកអ្នកនឹងបានជួបជាមួយក្រុមពីរ ដែលមានប្រវត្តិផ្ទុយគ្នា។ ក្រុម ឆ្លាមស ឦសាន នឹងត្រូវជួបជាមួយក្រុម ចចក បស្ចិម លើប្រភេទទម្ងន់ ៥៤គីឡូក្រាម និង ៥៧គីឡូក្រាម ក្នុងការប្រកួតជុំទីពីរ សប្ដាហ៍ទី៧។

កាលពីប្រកួតជុំទីមួយ ក្រុមឆ្លាមស ឦសាន បានទទួលបរាជ័យដោយសារក្រុម ទន្សោង ទក្សិណ ដែលធ្វើឱ្យកូនក្រុមរបស់លោកគ្រូ ឡោ សំណាង ពោលគឺកីឡាករ ផាន់ ខាំតៃ និង ប៉ែន កាក់ចៅចិត្រ ទទួលបានម្នាក់ ១ពិន្ទុប៉ុណ្ណោះ។ ចំណែកកីឡាករ ទេព ឧត្តម និង ថា សារុន នៃក្រុម ចចក បស្ចិម របស់លោកគ្រូ វង្ស ស៊ីថៃ សុទ្ធតែបានទទួលជ័យជម្នះ ក្នុងជុំទីមួយ ទៅលើក្រុម នាគរាជ និរតី។

យើងអាចចាំបានថា ក្រុម ចចក បស្ចិម ជាក្រុមដែលរកពិន្ទុបានច្រើនជាងគេ ក្នុងចំណោមក្រុមទាំង៨ កាលពីជុំទីមួយ។ ដូច្នេះការប្រកួតសប្ដាហ៍នេះ អាចជាការលំបាកមួយផងដែរ សម្រាប់ក្រុម ឆ្លាមស ឦសាន ដែលលោកគ្រូ ឡោ សំណាង ត្រូវរកវិធីធ្វើយ៉ាងណា ដើម្បីឆក់យក ៣ពិន្ទុសម្រាប់កូនក្រុមរបស់គាត់។

ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាកម្មវិធី CBS គុនខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង ៧យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង