×

ផាន់ ខាំតៃ ឈ្នះដោយវាយគូប្រកួតឱ្យសន្លប់ទឹក២ មិនឱ្យលោកគ្រូឡោ សំណាង ខកបំណង

បន្ទាប់ពីខកខានឱកាសក្នុងការប្រកួតជុំទី១ កីឡាករ ផាន់ ខាំតៃ បានវាយគូប្រកួតកីឡាករ ទេព ឧត្តម ឱ្យសន្លប់នៅទឹក២ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម លើសង្វៀន CBS គុនខ្មែរ កាលពីប្រកួតសប្ដាហ៍ទី៧ កន្លងទៅ។

ផាន់ ខាំតៃ ដែលមកពីក្រុមឆ្លាមសឦសាន បានប្រើកណ្ដាប់ដៃស្ដាំយ៉ាងធ្ងន់លើផ្ទៃមុខរបស់ ទេព ឧត្តម ធ្វើឱ្យសមាជិកមកពីក្រុមចចកបស្ចឹម សន្លប់បាត់មាត់បាត់ក និងត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី២។

ផាន់ ខាំតៃ ក៏មិនបានធ្វើឱ្យលោកគ្រូ ឡោ សំណាង ខកបំណងដែរ បន្ទាប់ពីលោក បានផ្ដល់ដំបូន្មានជាច្រើន ជូនដល់កូនក្រុមរបស់គាត់ ដែលទទួលបរាជ័យកាលពីជុំទីមួយ ដោយមិនអស់ចិត្ត។ លោកគ្រូ ឡោ សំណាង បានបញ្ជាក់ថា លោកបានផ្តោតថាមិនឱ្យដល់ ៥ទឹកទេ ដោយសារកាលពីប្រកួតមុន ខាំតៃ បានចាញ់ដោយពិន្ទុទៅលើ ប៊ន ពន្លឹក ។

ចំណែក១គូទៀត ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម កីឡាករ ថា សារុន បានសងសឹកជូនមិត្តរួមក្រុមរបស់ខ្លួន ដោយបានយកឈ្នះលើកីឡាករ ប៉ែន កាក់ចៅចិត្រ ដោយលទ្ធផល ដោយចៅក្រមទីមួយផ្ដល់ពិន្ទុ ៩៨ ទល់ ៩៧ ចៅក្រមទីពីរ ៩៨ ទល់ ៩៧ ចៅក្រមទីបី ៩៨ ទល់ ៩៧ ចៅក្រមទីបួន ៩៧ ទល់ ៩៧ និងចៅក្រមទីប្រាំ ផ្ដល់ពិន្ទុ ៩៨ ទល់ ៩៧។

ដូច្នេះ លទ្ធផលទាំងពីរគូ ឃើញថាឆ្លងកាត់២ប្រកួត ផាន់ ខាំតៃ មាន៤ពិន្ទុ និង ប៉ែន កាក់ចៅចិត្រ មាន២ពិន្ទុ សម្រាប់វគ្គសន្សំពិន្ទុវិលជុំឯកត្តជន។ ចំណែកកូនក្រុមរបស់លោកគ្រូ វង្ស ស៊ីថៃ ពោលគឺ ទេព ឧត្តម មាន៤ពិន្ទុ និង ថា សារុន មាន៦ពិន្ទុ។

CBS គុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧យប់ដល់៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ។

ទស្សនាការប្រកួតឡើងវិញ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង