ការប្រកួតរវាងក្លិបជោគជ័យបំផុតក្នុងបាល់ទាត់ក្នុងស្រុកភ្នំពេញក្រោនទល់នឹងក្រុមដែលទើបឡើងថ្មីវិសាខា ត្រូវបានគេចាត់ទុកថាជាការប្រកួតប្រចាំរាជធានីភ្នំពេញនេះ (Phnom Penh Derby ) ដោយសារតែចំនួនកីឡាករឆ្នើមៗគួរឱ្យកត់សម្គាល់ដែលលេងសម្រាប់ក្លិបទាំងពីរ ក៏ដូចជាទីតាំងភូមិសាស្ត្ររវាងកីឡដ្ឋានទាំងពីរផងដែរ។ កីឡាដ្ឋានដែលមានទីតាំងនៅចំងាយ៤.៦ គីឡូម៉ែត្រពីគ្នា គឺនៅជិតគ្នាណាស់។
យោងតាមការផ្សាយរបស់ក្លិបវិសាខា បានបញ្ជាក់អំពីចំណាប់អារម្មណ៍គ្រូបង្វឹក Colum Curtis សម្រាប់ជំនួបដ៏ធំស្អែកនេះថា ៖ ក្រុមការងារគ្រូ និងកីឡាកររបស់យើង កំពុងទន្ទឹងរង់ចាំការប្រកួតមកដល់ ដែលជាការប្រកួតដ៏ធំ សម្រាប់អ្នកគាំទ្រ របស់យើង ហើយពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អបំផុត ។ សម្រាប់ការប្រកួតកាលពីដើមរដូវកាល យើងនឹងយក វាជាបទពិសោធ ដើម្បីកែប្រែមកជាការឈ្នះក្នុងការប្រកួតលីគវិញ ។ ពួកយើងមិនអាចសន្យាថា ការប្រកួតនេះ នឹង បញ្ចប់ដោយលទ្ធផលយ៉ាងម៉េចនោះទេ តែអ្វីដែលពួកយើងសន្យា គឺពួកយើងប្តេជ្ញាចិត្តនឹងលេងឲ្យអស់ពីសមត្ថភាព រីឯតារាងចំណាត់ថ្នាក់វិញ ខ្ញុំមិនសូវតាមដានប៉ុន្មានទេ តែខ្ញុំនឹងមើលតារាងនៅពេលចប់រដូវកាល ។ គោលដៅរបស់ ពួកយើង គឺប្ដេជ្ញាខំប្រឹងដណ្តើមយក ៣ពិន្ទុគ្រប់ការប្រកួតនីមួយៗ។
ក្លិបភ្នំពេញក្រោនក៏បានផ្សាយអំពីចំណាប់អារម្មណ៍គ្រូបង្វឹកលោក Oleg Starynskyi ដែលជាគ្រូបង្វឹកក្រុមម្ចាស់ផ្ទះ ដូច្នឹងថា ៖ «យើងរីករាយដែលលីគបានត្រលប់មកវិញ ហើយយើងក៏លេងបាន២ប្រកួតហើយផងដែរ ពេលនេះយើងកំពុងតែរៀបចំក្រុមលេងជាមួយវិសាខា ដែលយើងរំពឹងថាជាការប្រកួតមួយដែលល្អ ព្រោះវិសាខាជាក្រុមដែលមានការគ្រប់គ្រងបាល់បានល្អ ដូច្នេះយើងអាចធ្វើតេស្តសមត្ថភាពរបស់យើង និងបង្ហាញការលេងរបស់ក្រុមយើងផងដែរ។ វិសាខាជាក្រុមដែលមានកីឡាករល្អៗច្រើន ហើយខ្ញុំគិតថាពួកគេជាក្រុមដែលមានការរៀបចំល្អ ពួកគេបានបង្ហាញពីការលេងបានល្អ មានការប្រកួតប្រជែងខ្ពស់ ខ្ញុំគិតថាវានឹងជាការប្រកួតមួយដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ មានការប្រកួតប្រជែងខ្លាំងសម្រាប់ការប្រកួតនេះ ដូច្នេះវាជារឿងល្អមួយក្នុងវិស័យបាល់ទាត់»។
លោកគ្រូសញ្ជាតិអ៊ុយក្រែនរូបនេះក៏បានបន្ថែមថា៖ «សម្រាប់ការរៀបចំរបស់ក្រុមយើងវិញ គឺយើងធ្វើទៅតាមកាលវិភាគដែលយើងបានគ្រោងទុកដូចការប្រកួតមុនៗដែរ យើងបន្តការលេងតាមរបៀប និងគោលការណ៍របស់យើងទាំងតំបន់ប្រយុទ្ធ និងការពារ។ ខ្ញុំអាចនិយាយបានថាការរៀបចំគឺនៅដដែល ព្រោះយើងមិនមែនរៀបចំសម្រាប់តែការប្រកួតតែមួយនេះទេ ប៉ុន្តែយើងរៀបចំគឺសម្រាប់ការប្រកួតប្រជែងសម្រាប់លីគទាំងអស់តែម្តង យើងមានការរំពឹងទុកជាច្រើនព្រោះចប់ពីការប្រកួតនេះទៅយើងមានការប្រកួតជាមួយណាហ្គា និងផ្សេងៗទៀត អញ្ចឹងយើងមានការរៀបចំសម្រាប់ការប្រកួតក្នុងលីគទាំងមូល»។
ជុំវិញនឹងបញ្ហារបួសរបស់កីឡាករឆ្នើម លឹម ពិសុទ្ធ លោកគ្រូក៏បានបញ្ជាក់ដែរថា៖ «ពិសុទ្ធមានរបួសក្នុងការប្រកួតជាមួយស្វាយរៀង ហើយពេលនេះគេបានធូរប្រសើរជាងមុនហើយ តែក៏ត្រូវការពេលវេលាបន្ថែមទៀតផងដែរដើម្បីត្រលប់មកចូលក្នុងទីលានវិញ»។
គួររម្លឹកផងដែរថា ៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ ក្រុមវិសាខាបានឈ្នះបីដង និងស្មើគ្នាចំនួនពីរដង។ ក្រុមការងារកីឡារបស់យើងនៅ CBS Sports បានព្យាករចំនួនគ្រាប់បាល់ដែលអាចរកបានសរុបគឺច្រើនជាង៤ គ្រាប់នៅក្នុងការប្រកួតនេះ។ ចុងក្រោយ CBS Sport ទស្សន៍ទាយលទ្ធផលសម្រាប់ជំនួបនៅព្រឹកស្អែកនេះគឺ ៖ ក្រុមភ្នំពេញក្រោន ៤-៣ ក្រុមវិសាខា៕