ភ្នំពេញ៖ លោក សេន ប៊ុនថេន ពិធិកររបស់សង្វៀន CBS គុនខ្មែរ បានបង្ហាញភាពសប្បាយរីករាយស្ទើរស្រក់ទឹកភ្នែក ចំពោះកីឡាករកម្ពុជាចំនួន 2រូប ដែលដណ្ដើមបានមេដាយមាសជូនជាតិមាតុភូមិ លើវិញ្ញាសាប្រដាល់គុនខ្មែរ និងប្រដាល់ឃីកបុកស៊ីង ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី31 នៅប្រទេសវៀតណាម។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក សេន ប៊ុនថេន ផ្ទាល់។
លោក សេន ប៊ុនថេន ដែលជាគ្រូបង្វឹកប្រដាល់គុនខ្មែរ បានឃើញកីឡាករ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ទទួលបានមេដាយមាស 1គ្រឿង លើវិញ្ញាសាកីឡាឃីកបុកស៊ីង ទម្ងន់ 57គីឡូក្រាម និងកីឡាករ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) ទទួលបានមេដាយមាស 1គ្រឿង លើកីឡាប្រដាល់គុនខ្មែរ (វិញ្ញាសា Muay) ទម្ងន់ 63.5 គីឡូក្រាម។
សូមជម្រាបថា កីឡាប្រដាល់គុនខ្មែរ (ប្រកួតវិញ្ញាសា Muay) នៅក្នុងស៊ីហ្គេមប្រទេសវៀតណាម ទទួលបានមេដាយមាស 01គ្រឿង និងមេដាយសំរឹទ្ធ 6គ្រឿង។ សម្រាប់វិញ្ញាសាឃីកបុកស៊ីង កម្ពុជា ទទួលបានមាស 1គ្រឿង ប្រាក់ 3គ្រឿង និង សំរឹទ្ធ 1គ្រឿង។
សម្រាប់លោក សេន ប៊ុនថេន បន្ទាប់ពីបញ្ចប់កាតព្វកិច្ចនៅស៊ីហ្គេមប្រទេសវៀតណាម នឹងត្រឡប់មកកាន់សង្វៀន CBS គុនខ្មែរ វិញ ដើម្បីមកបម្រើអារម្មណ៍របស់ទស្សនិកជននៃស្ថានីយទូរទស្សន៍ CTN នៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង7យប់ដល់9យប់៕