×

វៀតណាម នឹងជួយរៀបចំការប្រកួតកីឡា E-Sports នៅ Sea Games 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ សមាគមកីឡាកម្សាន្ត និងអេឡិចត្រូនិកវៀតណាម (VIRESA) នឹងជួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ដើម្បីរៀបចំការព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។

ភាពជាដៃគូស្ថិតក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ ធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ខែឧសភា បន្ទាប់ពីរៀបចំការប្រកួត e-sports ទទួលបានជោគជ័យនៅស៊ីហ្គេម លើកទី៣១ នៅវៀតណាម។

អគ្គនាយក VIRESA លោក Nguyen Xuan Cuong បានលើកឡើងថា ធនធាន បទពិសោធ និងភាព ជាដៃគូរបស់ VIRESA គឺត្រៀមខ្លួនរួចជាស្រេចដើម្បីជួយ EFC គ្រប់ជំហាន គឺរាប់ចាប់ពីការជ្រើសរើសវិញ្ញាសា ការចេញសៀវភៅបច្ចេកទេស ការជ្រើសរើសនិងហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ការបណ្តុះបណ្តាលគ្រូបង្វឹកនិងអាជ្ញាកណ្តាល ការធ្វើបទបង្ហាញចំពោះម្ចាស់ឧបត្ថម្ភ រហូតដល់រៀបចំការប្រកួតប្រកបដោយគុណភាពបំផុត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកោតសរសើរចំពោះការឧបត្ថម្ភគាំទ្ររបស់ VIRESA ដល់កម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកដំបូង៕

ប្រភព៖ E-Sports Federation Cambodia

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង