×

មោទនភាពបំផុត! ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងទទួលស្វាគមន៍ដោយផ្ទាល់នៃដំណើរមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ឬ FIFA WORLD CUP

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលស្វាគមន៍ដោយផ្ទាល់នៅវិមានសន្តិភាព នៃដំណើរមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ឬ FIFA WORLD CUP Trophy Tour ដែលនឹងមកដល់ប្រទេសកម្ពុជា នៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) នេះ នឹងត្រូវរៀបចំក្បួនដង្ហែពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព។ ក្រៅពីនេះ ពានរង្វាន់បាល់ទាត់ពិភពលោកនេះ នឹងត្រូវដាក់បង្ហាញ និងថតរូបជាអនុស្សាវរីយ៍នៅឯពហុកីឡាដ្ឋានជាតិមរតកតេជោ ចាប់ពី ម៉ោង១រសៀលដល់ម៉ោង១០យប់។

នេះជាមោទនភាពជាតិដ៏វិសេសវិសាលដែលបានទទួលព្រឹត្តិការណ៍ នៃដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោកជាលើកទី១ មកដល់កម្ពុជា ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ពិភពលោក (World Cup) ដែលនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

ដំណើរទេសចរណ៍ពានរង្វាន់ FIFA WORLD CUP Trophy Tour នឹងធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ៥១ ដើម្បីតាំងពិព័រណ៌ មុនទៅដល់ប្រទេសកាតា ជាទី នៃការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក WORLD CUP ឆ្នាំ២០២២ ដោយមានប្រទេសចំនួន៣២ចូលរួម។

ប្រជាពលរដ្ឋទាំងអស់ មានមោទនភាពជាតិ ដ៏វិសេសវិសាលខណៈដែលប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ៥១ ដែលមានឱកាសនាំយកពាន World Cup មកបង្ហាញប្រជាជនកម្ពុជា និងអ្នកស្នេហាវិស័យកីឡា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង