ក្រុមយក្សណាហ្គាវើលដ៍កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាងលីគកំពូលកម្ពុជា ដែលកន្លងមកឆ្លងកាត់បាន៨ប្រកួត ឈ្នះ៥ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត មានពិន្ទុសរុប១៧ពិន្ទុ ចំណែកឯក្រុមសូលទីឡូអង្គរវិញ ឈរនៅចំណាត់ថ្នាក់លេខ១៣ ដែលឆ្លងកាត់៨ប្រកួតដូចគ្នា ប៉ុន្តែចាញ់ទាំង៨ប្រកួត ហើយរបូតគ្រាប់បាល់សរុបរហូតដល់២៩គ្រាប់ ស៊ុតចូលគូរប្រកួតបានតែ៣គ្រាប់ប៉ុណ្ណោះ។
បន្ថែមពីនេះ កីឡាកររបស់ក្រុមយក្សណាហ្គាវើល Marcio De Oliverira Marques រកបាន៩គ្រាប់គិតត្រឹមសប្ដាហ៍ទី៩ គឺស្មើរនឹងចំនួនគ្រាប់បាល់របស់កីឡាករពីររូបទៀត គឺកីឡាករ Abee Ndjoo Hurber របស់ក្រុមអាស៊ីអ៊ឺរ៉ុបយូណាយធីត និងកីឡាករ Ajayi Opeyemi Korede របស់ក្រុមវិសាខា។ ហើយក្នុងការប្រកួតជាមួយក្រុមសូលទីឡូអង្គរ កីឡាករ Marcio De Oliverira Marques ដែលជាកីឡាករទាត់បញ្ចូលទីបានច្រើនរូបនេះ ប្រហែលនឹងរកគ្រាប់បានបន្ថែមទៀត គឺជាដំណើរឆ្ពោះទៅរកស្បែកជើងមាស។
យ៉ាងណាមិញ លោកគ្រូបង្វឹក មាស ចាន់ណា បានថ្លែងថា ៖ ការប្រកួតថ្ងៃស្អែក ខ្ញុំបារម្ភខ្លាំងមែនទែនចំពោះការប្រកួតមួយនេះ ព្រោះយើងទើបតែឈ្នះក្រុមខ្លាំង ដូច្នឹងហើយវាជាការព្រួយបារម្ភរបស់ខ្ញុំ ខ្ញុំចង់សំដៅលើការប្រមូលអារម្មណ៍របស់កីឡាករ។ យ៉ាងណាក្ដី ពួកយើងបានធ្វើក្នុងរយៈពេលពីរថ្ងៃ បីថ្ងៃទាំងថ្ងៃនេះ គឺឱ្យពួកគាត់សម្រាកគ្រប់គ្រាន់និងញ៉ាំគ្រប់គ្រាន់ នឹងទី១ ហើយទី២គឺទាក់ទងនឹងការហាត់ប្រមូលកម្លាំងមកវិញ ហើយទី៣សំខាន់ជាងគេ គឺយើងរៀបចំផ្នែកសតិអារម្មណ៍ ឱ្យពួកគាត់ប្រមូលអារម្មណ៍ចំពោះការប្រកួតដែលចាំបាច់សម្រាប់ថ្ងៃសៅរិ៍នឹង ព្រោះយើងបារម្ភថាយើងបានឈ្នះការប្រកួតក្រុមធំហើយ បើជាមានបញ្ហាជាមួយក្រុមតូច ហើយកន្លែងនឹងយើងធ្លាប់ជួបបទពិសោធន៍ហើយ ដូច្នឹងយើងហ្វឹកហាត់ផ្នែកសតិអារម្មណ៍។
ចំណែកឯ លោកគ្រូបង្វឹក អ៊ុក សុធី បានលើកឡើងថា ៖ ការប្រកួតស្អែកជាមួយណាហ្គាជាការប្រកួតមួយដ៏តានតឹងហើយពួកយើងត្រូវធ្វើការធ្ងន់ទៀតហើយ បន្ទាប់ពីលេងជាមួយវិសាខាហើយ ប៉ុន្ដែគ្រប់ការប្រកួតដែលនៅសេសសល់រហូតដល់ចប់ជើងទី២នឹង ខ្ញុំបានដាក់គោលដៅថាគ្រប់ការប្រកួតសុទ្ធតែជាការប្រកួត Final របស់យើងដូចគ្នា ដូច្នឹងជួបជាមួយក្រុមខ្លាំងដូចជាណាហ្គា ពួកខ្ញុំនឹងប្រឹងប្រែងនិងរៀបចំឱ្យបានល្អប្រសើរថែមទៀត បន្ទាប់ពីមានចន្លោះប្រហោងច្រើនកាលប្រកួតជាមួយនឹងវិសាខា។