×

ផាន់ ខាំតៃ ត្រៀមសងសឹក ប៊ន ពន្លឹក នៅលើសង្វៀន CBS គុនខ្មែរ ដណ្ដើមយកលេខ 3

នៅសប្ដាហ៍នេះ CBS គុនខ្មែរ បានឈានដល់វគ្គដ៏ជក់ចិត្តហើយ ខណៈកីឡាករចំនួន 4 រូប នឹងត្រូវប្រកួតគ្នា ក្នុងប្រភេទទម្ងន់ 54 គីឡូក្រាម និង 57 គីឡូក្រាម ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ 3 អមជាមួយនឹងទឹកប្រាក់រង្វាន់។

គូទីមួយ គឺជាការជួបគ្នាជាថ្មី រវាងកីឡាករ ផាន់ ខាំតៃ និង ប៊ន ពន្លឹក ក្នុងប្រភេទទម្ងន់ 54 គីឡូក្រាម ដែលពួកគេធ្លាប់ជួបគ្នាម្ដងរួចទៅហើយ កាលពីវគ្គសន្សំពិន្ទុនៅថ្ងៃបើកឆាក ដោយ ខាំតៃ បានចាញ់ ពន្លឹក ទាំងមិនទាន់អស់ចិត្ត ដោយលទ្ធផល 3-2 (ចៅក្រមទីមួយ 97-98, ចៅក្រមទីពីរ 98-97, ចៅក្រមទីបី 96-99, ចៅក្រមទីបួន 98-97 និង ចៅក្រមទីប្រាំ 98-97)។ ការប្រកួតនេះ គឺជាការសងសឹកគ្នាសម្រាប់កីឡាករមកពីក្រុមឆ្លាមស ឦសាន ទៅលើកីឡាករដែលមកពីក្លិបទន្សោងទក្សិណ។

កីឡាករទាំងពីរ បានទទួលបរាជ័យកាលពីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ 3 សប្ដាហ៍កន្លងទៅ បន្ទាប់ពី ខាំតៃ ចាញ់ក្រោមកណ្ដាប់ដៃរបស់ កីឡាករ សូដា សូសែន នៃក្រុមឥន្ទ្រីអាគ្នេយ៍ ហើយ ពន្លឹក ត្រូវបានចៅក្រមទាំង៥រូបសម្រេចឱ្យចាញ់ កីឡាករ ផល ស៊ីឡុង មកពីក្រុមខ្យាដំរីឧត្តរ។

រីឯមួយគូទៀត គឺជាការជួបគ្នារវាងកីឡាករ ឡុង អាឆើត នៃក្រុមទន្សោងទក្សិណ ទល់នឹងកីឡាករ ថា សារុន នៃក្រុមចចកបស្ចឹម ដែលអ្នកទាំងពីរបានទទួលបរាជ័យ កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រភេទទម្ងន់ 57 គីឡូក្រាម កាលពី 2 សប្ដាហ៍កន្លងទៅ។ នៅសង្វៀន CBS គុនខ្មែរ អាឆើត ស្គាល់ពាក្យថាចាញ់តែ ម្ដងគត់ ខណៈ ថា សារុន នេះជាគឺជាបរាជ័យលើកទីមួយរបស់ខ្លួនផងដែរ បន្ទាប់ពីរូបគេត្រូវខកខានការប្រកួតចុងក្រោយ នៅវគ្គសន្សំពិន្ទុ ដោយសាររបួសធ្ងន់ ហើយមានកីឡាករជំនួស។

ការប្រកួតដណ្ដើមលេខ3 សង្វៀន CBS គុនខ្មែរ នឹងផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី 8 ខែកក្កដា ឆ្នាំ 2022 ចាបពីម៉ោង 7-9 យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ហើយប្រិយមិត្ត ក៏អាចទស្សនាផ្ទាល់នៅលើស្ថានីយទូរទស្សន៍ CTN ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង