ប្រទេសកាតា កំពុងរៀបចំបង្កើតប្រវត្តិសាស្ត្រដោយធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ជាលើកដំបូង ហើយនេះក៏ជាលើកទីមួយដែលមិនធ្លាប់មាននៅតំបន់មជ្ឈឹមបូព៌ា។
កាតា នឹងក្លាយជាប្រទេសតូចបំផុតដែលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។ ជាមួយនឹងបដិសណ្ឋារកិច្ចបែបប្រពៃណីអារ៉ាប់ និងលក្ខខណ្ឌអាកាសធាតុរដូវរងាដែលល្អសម្រាប់ការទស្សនា ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា នឹងក្លាយទៅជារសជាតិថ្មីមួយ។
ឧបទ្វីបកាតា មានព្រំប្រទល់ដីគោករបស់ខ្លួនជាប់ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត តែមួយគត់ នៅមានប្រទេសបារ៉ែន និងអារ៉ាប់រួម នៅភាគពាយ័ព្យ និងភាគអាគ្នេយ៍។
ប្រទេសកាតា ក៏បានចំណាយពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីសាងសង់ទីលានកីឡាដែលមានមិនប៉ះពាល់ដល់បរិស្ថាន និងស្ថាបត្យកម្មទំនើបបំផុតដែលមិនធ្លាប់មានពីមុនមក។
ប្រវត្តិ
-មនុស្ស ចាប់ផ្ដើមរស់នៅលើទឹកដីប្រទេសកាតាតាំងពី 50,000 ឆ្នាំមុនមកម្ល៉េះ ជាមួយនឹងការតាំងទីលំនៅនៅយុគសម័យថ្ម។
-ប្រទេសនេះ ត្រូវបានផ្លាស់ប្តូរទៅកាន់សាសនាឥស្លាមនៅសតវត្សរ៍ទី 7 ។
-ដោយបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ចក្រភពផ្សេងៗជាច្រើនសតវត្សរ៍មក អង់គ្លេសបានក្លាយជាអាណាព្យាបាលកាតា កាលពីឆ្នាំ 1916 ។
-បន្ទាប់ពីការរកឃើញរ៉ែប្រេងក្នុងទសវត្សរ៍ឆ្នាំ 1930 និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិក្នុងទសវត្សរ៍ជាបន្តបន្ទាប់ ប្រទេសនេះបានប្រកាសឯករាជ្យនៅឆ្នាំ 1971។
សេដ្ឋកិច្ច
-មុនពេលការរកឃើញរ៉ែប្រេង ការនេសាទ និងការរកគជ់ គឺជាឧស្សាហកម្មលេចធ្លោរបស់ប្រទេស។
-សព្វថ្ងៃនេះ កាតាគឺជាប្រទេសនាំចេញឧស្ម័នធម្មជាតិធំទីពីររបស់ពិភពលោក។
-រូបិយបណ្ណរបស់ប្រទេសគឺ Riyal ។
ភូមិសាស្ត្រ
-ជាមួយនឹងផ្ទៃដីតូចចង្អៀតត្រឹមតែ 11,000 គីឡូម៉ែត្រការ៉េ កាតាត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិ ជាប្រទេសទី 163 នៅលើពិភពលោក។ ឧបទ្វីបកាតា អាចធ្វើដំណើរពីព្រំដែនម្ខាងទៅម្ខាង ក្នុងរយៈពេលតិចជាងពីរម៉ោង។
-ភាគច្រើននៃប្រជាជនចំនួន 2.5 លាននាក់របស់ប្រទេសនេះ រស់នៅក្នុងរដ្ឋធានីដូហា (Doha ) ដែលស្ថិតនៅពាក់កណ្តាលនៃឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។
-ប្រទេសកាតាមិនមានទន្លេ ឬបឹងដែលមានអាយុច្រើនឆ្នាំទេ ប៉ុន្តែមានអូរនៅវាលខ្សាច់ជាច្រើន។ វាអាចកើតមានរយៈពេលពីខែធ្នូ ដល់ខែមីនា។
អាកាសធាតុ
-សីតុណ្ហភាព ក្នុងខែធ្នូ មានប្រហែល 20 អង្សាសេ ជួនកាលឡើងដល់ជាង 20 អង្សាសេ។
-ពេលថ្ងៃមានរយៈពេល 8 ម៉ោង ធ្វើឱ្យប្រទេសកាតាក្លាយជាទីតាំងដ៏ពេញនិយមសម្រាប់អ្នកសម្រាកលំហែកាយក្នុងរដូវរងារ។
-មានភ្លៀងធ្លាក់តិចតួចណាស់ពេញមួយឆ្នាំ ជាមួយនឹងអាកាសធាតុសើម។
ភាសា
-ភាសាផ្លូវការរបស់ប្រទេសគឺភាសាអារ៉ាប់ ប៉ុន្តែភាសាអង់គ្លេសក៏ត្រូវបាននិយាយជាទូទៅផងដែរ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕