×

បច្ចេកវិទ្យាទំនើបចាប់ Offside នឹងត្រូវបំពាក់នៅ FIFA World Cup 2022 នៅកាតា

FIFA បានប្រកាសថា បច្ចេកវិទ្យាចាប់ Offside ពាក់កណ្តាលស្វ័យប្រវត្តិ (Semi-automated offside technology) នឹងត្រូវបានប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដែលចាប់ផ្តើមនៅថ្ងៃទី 21 ខែវិច្ឆិកា ដោយផ្តល់ជូននូវឧបករណ៍ជំនួយសម្រាប់មន្ត្រីទទួលបន្ទុកតាមដានវីដេអូនៃការប្រកួត និងមន្ត្រីនៅលើទីលាន ដើម្បីជួយពួកគាត់ធ្វើការបានលឿន ត្រឹមត្រូវជាងមុន និងការចាប់បាល់ Offside កាន់តែច្បាស់លាស់។

បន្ទាប់ពីជោគជ័យនៃការប្រើប្រាស់បច្ចេកវិទ្យា VAR នៅព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ប្រធាន FIFA លោក Gianni Infantino បានប្រកាសនៅក្នុងព្រឹត្តិការណ៍មួយឈ្មោះ The Vision 2020-23 ថា FIFA នឹងខិតខំប្រើប្រាស់សក្តានុពលពេញលេញនៃបច្ចេកវិទ្យានៅក្នុងបាល់ទាត់ និងពង្រឹងលើ VAR ។ ក្នុងរយៈពេល 3 ឆ្នាំបន្ទាប់ FIFA ពិតជាបានបន្តឈានមុខគេនៃបច្ចេកវិទ្យា។

ដោយធ្វើការជាមួយដៃគូផ្សេងៗ ជាពិសេសជាមួយក្រុម Working Group for Innovation Excellence និងអ្នកផ្តល់បច្ចេកវិទ្យា FIFA បានចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីកែលម្អប្រព័ន្ធ VAR បន្ថែមទៀត រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិដើម្បីចាប់ Offside ។

បច្ចេកវិទ្យាចាប់ Offside ថ្មីនេះ ប្រើប្រាស់កាមេរ៉ាតាមដានចំនួន 12 គ្រាប់ ដែលដាក់នៅក្រោមដំបូលនៃកីឡដ្ឋាន ដើម្បីតាមដានបាល់ និងទិន្នន័យរហូតដល់ 29 ចំណុចរបស់កីឡាករម្នាក់ៗ និងបញ្ជូនទិន្នន័យ 50 ដងក្នុងមួយវិនាទី ដោយគណនាទីតាំងពិតប្រាកដរបស់ពួកគេនៅលើទីលាន។ ចំណុចទិន្នន័យដែលប្រមូលបាន មានចំនួន 29 រួមមានអវយវៈទាំងអស់។

Al Rihla ដែលជា “បាល់” ផ្លូវការសម្រាប់ FIFA World Cup 2022 នៅកាតា នឹងផ្តល់នូវធាតុសំខាន់មួយបន្ថែមទៀត សម្រាប់ការកំណត់ Offside ដោយសារតែឧបករណ៍វាស់ស្ទង់លក្ខណៈរក្សាល្បឿននិងទិសដៅនៃចលនារបស់បាល់ (IMU) នឹងត្រូវបានបង្កប់នៅក្នុងបាល់។ ឧបករណ៍ចាប់សញ្ញានេះ ដាក់នៅចំកណ្តាលបាល់ សម្រាប់បញ្ជូនទិន្នន័យបាល់ទៅបន្ទប់ប្រតិបត្តិការវីដេអូ ចំនួន 500 ដងក្នុងមួយវិនាទី ដែលអនុញ្ញាតឱ្យរកឃើញចំណុចនៃការទាត់យ៉ាងច្បាស់លាស់។

ដោយការរួមបញ្ចូលទិន្នន័យអវយវៈ និងតាមដានបាល់ ព្រមទាំងបញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាថ្មីនេះ នឹងផ្តល់នូវការដាស់តឿនដោយស្វ័យប្រវត្តិដល់ក្រុមមន្ត្រីវីដេអូនៃការប្រកួតនៅក្នុងបន្ទប់ប្រតិបត្តិការវីដេអូ នៅពេលណាដែលបាល់ត្រូវបានទទួលដោយខ្សែប្រយុទ្ធ ដែលស្ថិតក្នុងជំហរក្រៅល្បែង នៅពេលដែលបាល់ត្រូវបានបញ្ជូនដោយមិត្តរួមក្រុម។ មុននឹងជូនដំណឹងដល់អាជ្ញាកណ្តាលនៅទីលានប្រកួត មន្ត្រីវីដេអូ នឹងពិនិត្យឡើងវិញនូវចំណុចទាត់ និងបន្ទាត់ Offside ដែលបង្កើតដោយស្វ័យប្រវត្តិ ដែលផ្អែកលើទីតាំងដែលបានគណនានៃអវយវៈរបស់កីឡាករ។ ដំណើរការនេះកើតឡើងក្នុងរយៈពេលពីរបីវិនាទី ហើយមានន័យថា ការសម្រេចចិត្តលើ Offside អាចត្រូវបានធ្វើឡើងលឿន និងត្រឹមត្រូវជាងមុន។

បន្ទាប់ពីការសម្រេចចិត្ត ត្រូវបានបញ្ជាក់ដោយមន្ត្រីវីដេអូ និងអាជ្ញាកណ្តាលនៅលើទីលាន វានឹងបង្កើតទៅជាចលនា 3D ដែលលម្អិតយ៉ាងល្អឥតខ្ចោះអំពីទីតាំងនៃអវយវៈរបស់កីឡាករនៅពេលបាល់ត្រូវបានលេង។ គំនូរជីវចល 3D នេះ នឹងត្រូវបង្ហាញនៅលើអេក្រង់យក្សនៅក្នុងពហុកីឡដ្ឋាន ហើយនឹងត្រូវបានបង្ហាញលើកញ្ចក់សម្រាប់ដៃគូផ្សាយរបស់ FIFA ។

ដំណើរការនៃបច្ចេកវិជ្ជា Offside ពាក់កណ្តាលស្វ័យប្រវត្តិ និងបច្ចេកវិជ្ជាបាល់ ត្រូវបានសាកល្បងដោយជោគជ័យនៅក្នុងព្រឹត្តិការណ៍សាកល្បងជាច្រើន និងផ្សាយផ្ទាល់នៅក្នុងការប្រកួតរបស់ FIFA រួមទាំង FIFA Arab Cup 2021 និង FIFA Club World Cup 2021។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង