នៅសល់មិនដល់មួយសប្តាហ៍ទៀតទេ ការប្រកួត FIFA U-20 Women’s World Cup Costa Rica 2022™ នឹងចាប់ផ្ដើមហើយ ដោយប្រទេសកូស្តារីកា ធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 28 ខែសីហា ឆ្នាំ 2022។
ក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម 20 ឆ្នាំដែលចូលរួមក្នុងព្រឹត្តិការណ៍ FIFA U-20 Women’s World Cup Costa Rica 2022™ ទាំង 16 ក្រុម រួមមាន៖ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី កូស្តារីកា បារាំង អាល្លឺម៉ង់ ហ្គាណា ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក ហុល្លង់ នូវែលហ្សេឡង់ នីហ្សេរីយ៉ា អេស្ប៉ាញ និងអាមេរិក។
ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ 2002 ដែលពេលនោះ ការប្រកួតត្រូវបានកំណត់អាយុក្រោម 19 ឆ្នាំ។ ប៉ុន្តែក្នុងឆ្នាំ 2006 ការកំណត់អាយុ ត្រូវបានដំឡើងពីក្រោម 19 ឆ្នាំដល់ក្រោម 20 ឆ្នាំ។
ក្រុមអាស៊ីតែពីរប៉ុណ្ណោះ ដែលធ្លាប់គ្រងជើងឯក គឺ កូរ៉េខាងជើង និង ជប៉ុន។ ទាំងនេះជាម្ចាស់ជើងឯក FIFA U-20 Women’s World Cup ចាប់ពីឆ្នាំ 2002 ដល់ 2018៖
2002: សហរដ្ឋអាមេរិក
2004: អាល្លឺម៉ង់
2006: កូរ៉េខាងជើង
2008: សហរដ្ឋអាមេរិក
2010: អាល្លឺម៉ង់
2012: សហរដ្ឋអាមេរិក
2014: អាល្លឺម៉ង់
2016: កូរ៉េខាងជើង
2018: ជប៉ុន
សូមជម្រាបថា ឆ្នាំ 2020 មិនមានការរៀបចំការប្រកួតនោះទេ ដោយសារតែវិបត្តិសាកលបង្កដោយជំងឺកូវីដ១៩។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕