ការចំណាយលើការដោះដូរកីឡាករបាល់ទាត់អន្ដរជាតិ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានកើនឡើងដល់ ៤៨,៥ ពាន់លានដុល្លារ ខណៈភ្នាក់ងារតំណាងរបស់កីឡាករ ទទួលបាន ៣,៥ ពាន់លានដុល្លារ។
ការសិក្សារបស់ FIFA បានឱ្យដឹងថា ជាមធ្យម តម្លៃនៃការផ្ទេរកីឡាករ សម្រាប់កីឡាករដែលផ្លាស់ទៅក្លិបនៅប្រទេសផ្សេង បានកើនឡើងជាលំដាប់រវាងឆ្នាំ២០១២ និងឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ១៩។ ក្លិបចំណាយធំជាងគេទាំង ៣០ មានមូលដ្ឋាននៅអឺរ៉ុប។
ការចំណាយច្រើនបំផុតលើកីឡាករម្នាក់ គឺកិច្ចព្រមព្រៀង ២២២ លានអឺរ៉ូ (២៦២,៤៥ លានដុល្លារ) ដើម្បីនាំយក Neymar ពី Barcelona ទៅ PSG កាលពីឆ្នាំ២០១៧ ។
កីឡាករប្រេស៊ីល មានភាពលេចធ្លោជាងគេ ដោយឈរនៅលើកំពូលតារាង ជាមួយនឹងការផ្ទេរជាង ១៥.០០០ នាក់ រវាងក្លិបនៅក្នុងប្រទេសផ្សេងៗគ្នា។
FIFA បាននិយាយថា៖ “ពីការផ្ទេរចំនួន ១១.៨៩០ នាក់ក្នុងឆ្នាំ២០១១ ដល់ចំនួន ១៨.០៧៩ នាក់ក្នុងឆ្នាំ២០១៩ ការផ្ទេរ និងការខ្ចីជើងកម្រិតអន្តរជាតិសម្រាប់កីឡាករអាជីព សរុបចំនួនមាន ១៣៣.២២៥ នាក់”។
“ការផ្ទេរនេះ ពាក់ព័ន្ធនឹងកីឡាករចំនួន ៦៦.៧៨៩ នាក់ និងក្លិបចំនួន ៨.២៦៤ នៅទូទាំងសមាគមសមាជិក FIFA ចំនួន ២០០ ដូច្នេះវាគូសបញ្ជាក់ពីតួនាទីរបស់បាល់ទាត់នៅក្នុងសេដ្ឋកិច្ចពិភពលោក។”
ក្លិបអង់គ្លេស បានចំណាយច្រើនបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ចំនួន ១២,៤ ពាន់លានដុល្លារ តាមពីក្រោយដោយក្លិបនៅអេស្ប៉ាញ (៦,៧ ពាន់លានដុល្លារ) អ៊ីតាលី (៥,៦ ពាន់លានដុល្លារ) អាល្លឺម៉ង់ (៤,៤ ពាន់លានដុល្លារ) និង បារាំង (៤ ពាន់លានដុល្លារ)៕