×

រកឃើញក្រុមដែលបានឡើងទៅវគ្គ 8 ក្រុមចុងក្រោយ FIFA U-20 Women’s World Cup 2022

ក្នុងពូល A ម្ចាស់ផ្ទះកូស្ដារីកា បានលេងបង្គ្រាប់កិច្ចចាញ់ប្រេស៊ីល នៅថ្ងៃចុងក្រោយនៃវគ្គសន្សំពិន្ទុ ដោយលទ្ធផល 5-0 ដើម្បីធានាកៅអីវគ្គ 8 ក្រុមចុងក្រោយសម្រាប់ក្រុមសាំប៉ាដែលឈរនៅលេខ 2 ។ ក្នុងពេលដំណាលគ្នានោះ អេស្ប៉ាញ បានបិទបញ្ចប់វគ្គចែកពូលដោយឈរនៅលេខ 1 ជាមួយនឹងលទ្ធផល 3-0 លើអូស្ត្រាលី។

កញ្ចែរបស់អាជ្ញាកណ្ដាល បានធ្វើឱ្យកីឡាការិនីម៉ិកស៊ិកជាច្រើននាក់ បានស្រក់ទឹកភ្នែកដោយក្តីរំភើបរីករាយ ខណៈពួកគេ បានឆ្លងទៅវគ្គ 8 ក្រុមចុងក្រោយ បន្ទាប់ពីការបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល B ឈរនៅលេខ 2 ដោយឈ្នះអាល្លឺម៉ង់ 1-0 យ៉ាងប្រផិតប្រផើយ។ ក្នុងពូល B នេះដែរ ក្រុមកូឡុំប៊ី បានឆ្លងផុតពីការព្រួយបារម្ភក្នុងលទ្ធផលស្មើ 2-2 ជាមួយនូវែលហ្សេឡង់ ដែលធ្វើឱ្យពួកគេ ឈរនៅចំណាត់ថ្នាក់លេខ 1 ក្នុងវគ្គសន្សំពិន្ទុ។

ក្នុងពូល C បារាំង បានបញ្ចប់ការប្រកួតចុងក្រោយជាមួយនឹងជ័យជម្នះលើសាធារណរដ្ឋកូរ៉េ ដោយលទ្ធផល 1-0 ដើម្បីឆ្លងទៅវគ្គបន្តជាមួយនីហ្សេរីយ៉ា ដែលបានកក់សំបុត្រតាំងពីចប់ប្រកួតទីពីរ មុនបន្តយកឈ្នះលើក្រុមកាណាដា ដែលនៅបាតតារាង ដោយលទ្ធផល 3-1 ។

ចំណែកពូល D ក្រុមការពារតំណែងជើងឯក ជប៉ុន បានបន្តកំណត់ត្រាឈ្នះទាំង 3 ប្រកួត ដោយបានយកឈ្នះលើសហរដ្ឋអាមេរិក ក្នុងលទ្ធផល 3-1 ។ ហុល្លង់ ដណ្តើមបានលេខ 2 ក្នុងពូល D ដោយយកឈ្នះហ្គាណា ក្នុងលទ្ធផល 4-1 ។

ជារួមក្រុមទាំង 8 ដែលឈានទៅវគ្គចាញ់ធ្លាក់ រួមមាន៖ ពូល A អេស្ប៉ាញ ប្រេស៊ីល, ពូល B កូឡុំប៊ី ម៉ិកស៊ិក, ពូល C នីហ្សេរីយ៉ា បារាំង និងពូល D ជប៉ុន ហុល្លង់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង