×

កំណត់ត្រា​ចំនួន 3 ដែល Messi អាច​បំបែកបាន​នៅ World Cup 2022

FIFA World Cup 2022 ខិតជិតមកដល់ ខណៈការប្រកួតចាប់ផ្តើមនៅចុងខែវិច្ឆិកា។ Lionel Messi របស់ក្រុមអាហ្សង់ទីន អាចបំបែកកំណត់ត្រាចំនួន 3 ជាមួយនឹងក្រុមអាហ្សង់ទីនដែលទើបតែឈ្នះពានរង្វាន់ Copa America។

កីឡាករវ័យ 35 ឆ្នាំរូបនេះ នឹងបង្កើតកំណត់ត្រាជាច្រើននៅក្នុងការប្រកួត។ ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន Olé បានលាតត្រដាងពីកំណត់ត្រាដែលខ្សែប្រយុទ្ធ PSG អាចសម្រេចបាននៅក្នុងប្រទេសកាតា។

Messi អាចជាកីឡាករដែលបង្ហាញខ្លួនក្នុងការប្រកួតច្រើនជាងគេនៅ World Cup។ បច្ចុប្បន្នគាត់លេងបាន 19 ប្រកួតហើយត្រូវចំនួន 6 ប្រកួតទៀត ដើម្បីឈានដល់កំណត់ត្រារបស់កីឡាករអាល្លឺម៉ង់ Lothar Matthaus ដែលមាន 26 ប្រកួត ហើយដើម្បីសម្រេចបាន Messi យ៉ាងហោចណាស់ នឹងត្រូវឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយអាហ្សង់ទីន។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ Messi ទំនងជានឹងក្លាយជាកីឡាករសញ្ជាតិអាហ្សង់ទីនដែលមានការបង្ហាញខ្លួនក្នុងការប្រកួតនៅ World Cup ច្រើនប្រកួតជាងគេ។ Messi ត្រូវការត្រឹមតែ 3 ប្រកួតទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រារបស់របស់ Diego Maradona (21 ប្រកួត)។ លើសពីនេះតារា PSG នឹងក្លាយជាកីឡាករអាហ្សង់ទីនដែលបានលេងនៅ World Cup ច្រើនដងជាងគេ (5 ព្រឹត្តិការណ៍ផ្សេងៗគ្នា)។ កីឡាករវ័យ 35 ឆ្នាំរូបនេះ បានលេងនៅប្រទេសអាល្លឺម៉ង់ (2006), អាហ្វ្រិកខាងត្បូង (2010), ប្រេស៊ីល (2014) និងរុស្ស៊ី (2018)។ Messi នឹងបំបែកកំណត់ត្រារបស់ Maradona និង Javier Mascherano ដែលបង្ហាញខ្លួននៅ World Cup បាន 4 ដង។

កំណត់ត្រាដ៏លេចធ្លោមួយចុងក្រោយដែល Messi អាចសម្រេចបាននៅ World Cup គឺកីឡាករអាហ្សង់ទីនដែលមានគ្រាប់ច្រើនជាងគេក្នុងការប្រកួត។ ខ្សែប្រយុទ្ធជើងចាស់រូបនេះ មាន 6 គ្រាប់ ហើយត្រូវការ 5 គ្រាប់ទៀត ដើម្បីបំបែកកំណត់ត្រារបស់ Gabriel Batistuta (10 គ្រាប់)។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង