×

Gabriel Jesus ជឿជាក់​ថា​ខ្លួន​នៅតែ​មាន​ឱកាស​ទៅលេង World Cup ជាមួយ​ប្រេស៊ីល

ខ្សែប្រយុទ្ធក្រុម Arsenal កីឡាករ Gabriel Jesus បានបញ្ជាក់ថា ខ្លួននឹងខិតខំព្យាយាមបន្ថែមទៀត បន្ទាប់ពីមិនត្រូវបានកោះហៅដោយក្រុមជម្រើសជាតិប្រេស៊ីល កាលពីពេលថ្មីៗនេះ។

អតីតកីឡាករ Manchester City រូបនេះ បានលេងក្នុងការប្រកួតជម្រុះ World Cup ជាច្រើន និងបានស៊ុតបញ្ចូលទីគ្រាប់ទី 19 របស់គាត់ក្នុងជ័យជម្នះនៅក្នុងការប្រកួតមិត្តភាពជាមួយកូរ៉េខាងត្បូង កាលពីខែមិថុនា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាត់ការក្រុមជម្រើសជាតិប្រេស៊ីល លោក Tite មិនបានកោះហៅរូបគេទេ។

Jesus ដែលបង្ហាញខ្លួនចំនួន 56 ប្រកួតសម្រាប់ប្រេស៊ីល បានស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ Arsenal នៅរដូវកាលនេះ។ កីឡាករវ័យ 25 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់ Arsenal ក្នុងជ័យជម្នះ 3-0 លើក្រុម Brentford ។ បន្ទាប់ពីការប្រកួត Jesus ត្រូវបានសួរអំពីការខកខាននៅក្នុងការកោះហៅរបស់ក្រុមជម្រើសជាតិ។

Gabriel Jesus បានប្រាប់ ESPN Brasil ថា៖ “ខ្ញុំគោរពការសម្រេចចិត្តរបស់គ្រូបង្វឹកខ្លាំងណាស់ ខ្ញុំគោរព Tite និងគ្រូៗទាំងអស់។” “ដូចដែលខ្ញុំបាននិយាយមុនអ៊ីចឹង ខ្ញុំជាជនជាតិប្រេស៊ីល ខ្ញុំនឹងតែគាំទ្រក្រុមជម្រើសជាតិជានិច្ច។ ហើយខ្ញុំក៏គោរពកីឡាករផ្សេងទៀតដែលមានសមត្ថភាព។ ខ្ញុំនឹងបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីមានឱកាសម្តងទៀត”។

Gabriel Jesus បានលេងឱ្យប្រេស៊ីលនៅព្រឹត្តិការណ៍ World Cup ឆ្នាំ 2018 ដោយចាប់ផ្តើមការប្រកួតទាំង 5 របស់ពួកគេ ខណៈដែលពួកគេបានឈានដល់វគ្គ ៨ក្រុមចុងក្រោយ។ គេក៏បានចូលរួមនៅពេលដែលក្រុមរបស់ Tite បានឈ្នះពានរង្វាន់ Copa America កាលពីឆ្នាំ 2019 ដោយស៊ុតបញ្ចូលទីទាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

Jesus បានស៊ុតបញ្ចូលទី 2 គ្រាប់ក្នុងការប្រកួតដំបូងរបស់ Arsenal ទល់នឹង Leicester City កាលពីខែសីហា ស៊ុតបញ្ចូលទីបន្ថែមលើក្រុម Aston Villa និង Brentford ហើយថែមទាំងបាន បញ្ជូន 3 ដងសម្រាប់មិត្តរួមក្រុម ក្នុងការបង្ហាញខ្លួន 8 ដងសម្រាប់ក្រុម Arsenal ។

ប្រេស៊ីល នឹងជួប ស៊ែប ស្វីស និងកាមេរូន ក្នុងពូល World Cup របស់ពួកគេ ក្នុងប្រទេសកាតា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង