×

សម្តេចពិជ័យសេនា ប្រធាន CAMSOC មានទំនុកចិត្ត ចំពោះវឌ្ឍនភាពការងារសាងសង់ភូមិកីឡា

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យា Zoom ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ភូមិកីឡាឱ្យទាន់ពេលវេលា ក្នុងការបម្រើដល់ការស្នាក់នៅ-ហូបចុក ក្នុងពេលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ការធ្វើបទបង្ហាញពីអ្នកឧកញ៉ា សៀ ឬទ្ធី នៃក្រុមហ៊ុន WorldBridge Sport Willage ដែលទទួលបានសិទ្ធិសាងសង់ភូមិកីឡា ដែលក្រុមហ៊ុនសាងសង់នេះ បានបំពេញកាតព្វកិច្ចក្នុងការបង្ហាញវឌ្ឍនភាពការងារសាងសង់ឱ្យទាន់ពេលវេលា។ ការអះអាងរបស់ក្រុមហ៊ុនសាងសង់នេះ បានធ្វើឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ មានទំនុកចិត្តខ្ពស់ក្នុងការត្រៀមខ្លួនគ្រប់ទម្រង់ទាំងអស់ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោកបន្ថែមថា ភូមិកីឡានេះ គឺជាចំណុចយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញឱ្យការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ ដោយភូមិកីឡានេះ នឹងទទួលការស្នាក់នៅ-ហូបចុករបស់ប្រតិភូ-អត្តពលិក ក្នុងកម្រិតស្តង់ដាអន្តរជាតិ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូរជាតិ ក្នុងពេលទទួលព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។

សូមបញ្ជាក់ថា តាមផែនការដំណើរការសាងសង់ភូមិកីឡា ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងត្រូវបញ្ចប់នាចុងឆ្នាំ២០២២ ដោយភូមិកីឡានេះ អាចបម្រើដល់ការស្នាក់នៅរបស់ប្រតិភូ អត្តពលិក មន្ត្រីបច្ចេកទេស ប្រមាណ ១ម៉ឺននាក់ ក្នុងពេលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង