ខ្សែការពារ Benjamin Mendy របស់ក្រុមមេឃខៀវ Manchester City នឹងនៅតែស្ថិតក្នុងការឃុំឃាំង នៅចំពោះមុខការជំនុំជម្រះ ពីបទរំលោភសេពសន្ថវៈ បន្ទាប់ពីពាក្យសុំនៅក្រៅឃុំត្រូវបានបដិសេធ។
ខ្សែការពារវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ចំនួន ៤ករណី ពីបទរំលោភសេពសន្ថវៈ និង១ករណីជាការបៀតបៀនផ្លូវភេទនៅផ្ទះ នៅទីក្រុង Cheshire ។
Mendy ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុង Liverpool បន្ទាប់ពីត្រូវបានបដិសេធ នៅក្រៅឃុំ ដោយតុលាការ Chester Magistrates កាលពីថ្ងៃសុក្រ។
ការរំលោភសេពសន្ថវៈចំនួន ៣ ករណី បានកើតឡើងកាលពីខែតុលា ឆ្នាំ២០២០ ហើយគេត្រូវបានចោទប្រកាន់ពីបៀតបៀនផ្លូវភេទលើស្ត្រីម្នាក់ កាលពីដើមខែមករាឆ្នាំ២០២១។ គេក៏ត្រូវបានចោទប្រកាន់ពីបទចាប់រំលោភស្ត្រីម្នាក់ នៅខែសីហាឆ្នាំ២០២១ ផងដែរ។
កីឡាករបាល់ទាត់ដែលត្រូវបានក្លិបព្យួរការងាររង់ចាំការស៊ើបអង្កេតនេះ នឹងត្រូវបង្ហាញខ្លួននៅតុលាការ Chester Crown នៅថ្ងៃទី១០ ខែកញ្ញា៕