អ្នករៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកគាំទ្រដែលចូលរួមទស្សនាការប្រកួត World Cup នៅប្រទេសកាតា នៅចុងឆ្នាំនេះ នឹងត្រូវបង្ហាញព័ស្តុតាងនៃការធ្វើតេស្តកូវីដ១៩ អវិជ្ជមាន នៅពេលដែលពួកគេមកដល់ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេនោះទេ។
អ្នករៀបចំការប្រកួត FIFA World Cup បាននិយាយថា អ្នកគាំទ្រណាម្នាក់ដែលមានអាយុលើសពី 6 ឆ្នាំនឹងត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានជាផ្លូវការ ដែលបានធ្វើឡើងមិនលើសពី 48 ម៉ោងមុនពេលពួកគេចាកចេញ។ ការធ្វើតេស្តរហ័សអវិជ្ជមានដែលមុន 24 ម៉ោងនៃការចេញដំណើរ ក៏នឹងត្រូវទទួលយកផងដែរ បើវាជាការធ្វើតេស្តដោយខ្លួនឯង។
ភ្ញៀវទេសចរ នឹងមិនត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែក ឬធ្វើតេស្តម្តងទៀតនៅក្នុងប្រទេសកាតាទេ លុះត្រាតែពួកគេធ្វើតេស្តវិជ្ជមានកូវីដ១៩ ពេលនៅក្នុងប្រទេស។
អ្នកគាំទ្រ ក៏ត្រូវបានតម្រូវឱ្យពាក់ម៉ាសនៅពេលធ្វើដំណើរនៅទីសាធារណៈ ហើយអ្នកដែលមានអាយុលើសពី 18 ឆ្នាំនឹងត្រូវទាញយកកម្មវិធីលើទូរសព្ទដៃដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដើម្បីតាមដានចលនា និងស្ថានភាពសុខភាព ដែលមានឈ្មោះថា Ehteraz ។
អ្នកគាំទ្រប្រមាណ 1.2 លាននាក់មកពីជុំវិញពិភពលោក ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសកាតាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕