×

CAMSOC បន្ដយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា កីឡាករ-កីឡាការិនី និងក្រុមសិល្បៈត្រៀមសម្ដែងក្នុងពិធីទទួលទង់ស៊ីហ្គេមនៅវៀតណាម

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមកិច្ចសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្ដបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រួមទាំងក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវចូលរួមសម្ដែងក្នុងពិធីទទួលទង់ស៊ីហ្គេម នៅវៀតណាម នាឆ្នាំ២០២២ សរុបចំនួន ៦៧៣នាក់ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

មន្ដ្រីសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងនេះ បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលគណៈកម្មាធិការជាតិ CAMSOC ក្រោមការសម្របសម្រួលរបស់ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៃក្រសួងការពារជាតិ សហការផ្ទាល់ជាមួយនាយកដ្ឋានសុខាភិបាល បានរៀបចំការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា ពិសេសកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលត្រៀមបោះជំរំហ្វឹកហាត់ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីត្រៀមការប្រកួតអន្ដរជាតិនាពេលខាងមុខ។

ចំពោះថ្នាក់ដឹកនាំ មន្ដ្រីកីឡា និងកីឡាករ-កីឡាការិនី ដែលទទួលបានវ៉ាក់សាំងដូសទី៣ថ្ងៃនេះ គឺមកពី ៣៧សហព័ន្ធកីឡាជាតិ សរុបប្រមាណ ៥៤៩នាក់។ រីឯក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន ៧២នាក់ រួមទាំងក្រុមការងារ និងបុគ្គលិកប្រចាំការ នៅពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ៥២នាក់ សរុបចំនួន ៦៧៣នាក់។ ប៉ុន្ដែបើសរុបចំនួនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រួមទាំងអ្នកពាក់ព័ន្ធ ដែលបានចាក់វ៉ាក់សាំងដូសទី៣ ក្រោមការរៀបចំរបស់ CAMSOC ចំនួន ២លើកកន្លងមក គឺមានចំនួន ១,៨៥៣នាក់។

មន្ដ្រី CAMSOC ដដែលបន្ដថា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដល់គ្រួសារកីឡា ពិសេសក្រុមជម្រើសជាតិនេះ ទំនងមិនទាន់បញ្ចប់នោះទេ ពិសេសសម្រាប់កីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលទើបចាក់ដូសទី២ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ ពួកគេនឹងត្រូវបន្ដចាក់ដូសទី៣ ឬដូសជំរុញបន្ដទៀត ក្នុងករណីកីឡាករ-កីឡាការិនី ត្រូវបន្ដបោះជុំរុំហ្វឹកហាត់ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើនភាពស៊ាំ និងបង្កើនទំនុកចិត្ត ក្នុងការហ្វឹកហាត់ត្រៀមការប្រកួត ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

ប្រភព – Cambodia Sea Games 2023

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង