×

Messi៖ “នេះគឺជា​ការលេងនៅ World Cup ជាលើកចុងក្រោយ​របស់ខ្ញុំ”

Lionel Messi ទម្លាយការពិតថា ការប្រកួតបាល់ទាត់ពិភពលោកនៅខែវិច្ឆិកា នៅប្រទេសកាតា នឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់យ៉ាងពិតប្រាកដ។

ខ្សែប្រយុទ្ធ Paris St-Germain វ័យ 35 ឆ្នាំរូបនេះ បានលេងនៅព្រឹត្តិការណ៍ World Cup ចំនួន 4 ផ្សេងៗគ្នា ជាមួយអាហ្សង់ទីន ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង assist 5 ដងក្នុងការបង្ហាញខ្លួន 19 ប្រកួត។

គាត់ទទួលបានមេដាយជើងឯករង World Cup ក្នុងឆ្នាំ 2014 ហើយបានជួយឱ្យអាហ្សង់ទីនគ្រងតំណែងជើងឯក Copa America នៅឆ្នាំ 2021។ ប៉ុន្តែពានរង្វាន់ World Cup គឺជាពានរង្វាន់ដ៏សំខាន់តែមួយគត់ ដែល Messi ចង់លើកជាមួយក្រុមអាហ្សង់ទីន។

គាត់បាននិយាយថា៖ “នេះគឺជាការលេងនៅ World Cup ចុងក្រោយរបស់ខ្ញុំ ។”

ថ្លែងទៅកាន់ ESPN គាត់បានបន្ថែមថា៖ “ខ្ញុំកំពុងរាប់ថយក្រោយនៃការប្រកួតបាល់ទាត់ពិភពលោក។ ខ្ញុំភ័យអរក្នុងពេលតែមួយ។ ចង់ឱ្យវាដល់ឆាប់ៗ តើនឹងមានអ្វីកើតឡើង ហើយចុងក្រោយ តើវានឹងទៅជាយ៉ាងណាទៅ?”។

Messi បានបង្ហាញខ្លួនជាអន្តរជាតិសម្រាប់អាហ្សង់ទីន លើកដំបូងកាលពីឆ្នាំ 2005 ហើយបានបង្ហាញខ្លួនសរុបចំនួន 164 ដងសម្រាប់អាហ្សង់ទីន ដោយស៊ុតបញ្ចូលទីបាន 90 គ្រាប់។

ក្នុងការឈានដល់ការប្រកួតបាល់ទាត់ពិភពលោកលើកទី 5 របស់គាត់នេះ Messi នឹងតាមស្មើកំណត់ត្រាមុនៗរបស់កីឡាករអាហ្សង់ទីន រួមមាន Diego Maradona និង Javier Mascherano ដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ចំនួន 5 ផ្សេងៗគ្នា។

អាហ្សង់ទីន ត្រូវប៉ះ អារ៉ាប៊ីសាអូឌីត ម៉ិកស៊ិក និងប៉ូឡូញ ក្នុងពូល C ក្នុងព្រឹត្តិការណ៍ World Cup ដែលចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា។

Messi បាននិយាយថា៖ “នៅក្នុងការប្រកួត World Cup អ្វីគ្រប់យ៉ាងអាចកើតឡើង។ ការប្រកួតទាំងអស់ គឺលំបាកខ្លាំងណាស់។ ក្រុមដែលគិតថាឈ្នះ មិនប្រាដកថាឈ្នះទេ”។

“ខ្ញុំមិនហ៊ាននិយាយទេថាក្រុមយើងនឹងឈ្នះទេ ប៉ុន្តែអាហ្សង់ទីនតែងតែជាបេក្ខភាពមួយ នេះបើយោងតាមប្រវត្តិសាស្ត្រ។ ឥឡូវនេះយើងកាន់តែសក្តិសមក្នុងកាលៈទេសៈនេះ ប៉ុន្តែវាអាចមិនមែនជាក្រុមរបស់ពួកយើង។ ខ្ញុំគិតថាមានក្រុមផ្សេងទៀត ដែលល្អជាងយើង៕”

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង