នៅថ្ងៃទី 20 ខែវិច្ឆិកា ក្រុមបាល់ទាត់បុរសរបស់កាតា នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ក្នុងនាមជាម្ចាស់ផ្ទះ ដោយទទួលក្រុមអេក្វាឌ័រ នៅកីឡដ្ឋាន Al Bayt ដើម្បីប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ពិភពលោក។
ពួកគេ កំពុងតែឡើងជើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះគឺជាឆ្នាំសំខាន់ៗរបស់ក្រុមបាល់ទាត់កាតា៖
ឆ្នាំ 1960 – សមាគមបាល់ទាត់កាតា (QFA) ត្រូវបានបង្កើតឡើង។ 3 ឆ្នាំក្រោយមក QFA ក្លាយជាសមាជិកផ្លូវការរបស់ FIFA ។
ឆ្នាំ 1970 – ក្រុមជម្រើសជាតិកាតា បានធ្វើការប្រកួតជាផ្លូវការលើកដំបូងរបស់ខ្លួន ជាមួយនឹងបារ៉ែនក្នុងការប្រកួត Gulf Cup ដែលបានចាញ់ 2-1 ។
ឆ្នាំ 1972 – QFA បើកដំណើរការលីគបាល់ទាត់កាតា។
ឆ្នាំ 1974 – កាតាឈ្នះការប្រកួតអន្តរជាតិជាលើកដំបូងរបស់ពួកគេ ដោយបានយកឈ្នះលើក្រុមអូម៉ង់ 4-0 នៅក្នុងការប្រកួតទីពីរក្នុងពូល ពានរង្វាន់ Gulf Cup ។ កាតាបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងព្រឹត្តិការណ៍ដែលមាន 6 ក្រុម។
ឆ្នាំ 1975 – កាតា ចូលរួមក្នុងវគ្គជម្រុះ Asian Cup ប៉ុន្តែបរាជ័យក្នុងការឡើងទៅជុំផ្ដាច់ព្រ័ត្រ។
ឆ្នាំ 1977 – កាតាបានផ្តួលបារ៉ែនក្នុងការប្រកួតជម្រុះ World Cup របស់ខ្លួនជាលើកដំបូង ប៉ុន្តែបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងពូល។
ឆ្នាំ 1980 – កាតា បង្ហាញខ្លួនជាលើកដំបូងនៅពានរង្វាន់ Asia Cup ក្រោមការគ្រប់គ្រងដោយអតីតខ្សែបម្រើស្លាបរបស់ Barcelona និងប្រេស៊ីល លោក Evaristo។
ឆ្នាំ 1984 – ក្រុមនេះ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ Gulf Cup ជាលើកដំបូង ប៉ុន្តែចាញ់អ៊ីរ៉ាក់ 4-3 ដោយការស៊ុតបាល់ប៉េណាល់ទី។
ឆ្នាំ 1992 – កាតាមានសិទ្ធិសម្រាប់លេងនៅកីឡាអូឡាំពិករដូវក្តៅ ជាកន្លែងដែលពួកគេយកឈ្នះអេហ្ស៊ីប និង ស្មើជាមួយកូឡុំប៊ី ។ នៅឆ្នាំដដែលនេះ ក្រុមនេះ បានឈ្នះពានរង្វាន់ Gulf Cup ជាលើកទីមួយដែលមិនធ្លាប់មាន ដោយបានឈ្នះ 4 ប្រកួតក្នុងចំណោម 5 ប្រកួត។
ឆ្នាំ 1997 – កាតាបានឈានទៅដល់វគ្គជម្រុះចុងក្រោយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 1998 ប៉ុន្តែមិនអាចឆ្លងផុតវគ្គជម្រុះចុងក្រោយ បន្ទាប់ពីចាញ់អារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតចុងក្រោយ។ ជ័យជម្នះ នឹងធានាបានកៅអីមួយនៅ World Cup 1998 ដែលរៀបចំដោយម្ចាស់ផ្ទះបារាំង។
ឆ្នាំ 2004 – កាតាឈ្នះ Gulf Cup ជាលើកទីពីរ ដែលលើកនេះធ្វើជាម្ចាស់ផ្ទះ។
ឆ្នាំ 2006 – កាតាឈ្នះមេដាយមាស Asian Games ជាលើកទីមួយរបស់ពួកគេ ដោយយកឈ្នះអ៊ីរ៉ាក់នៅវគ្គផ្តាច់ព្រ័ត្រ។
ឆ្នាំ 2014 – ជាឆ្នាំដែលកាតាចាញ់តែម្ដងគត់ និងបានឈ្នះពានរង្វាន់របស់សហព័ន្ធបាល់ទាត់អាស៊ីខាងលិច និងជើងឯក Gulf Cup ។
ឆ្នាំ 2019 – កាតាឈ្នះពានរង្វាន់ Asian Cup ជាលើកដំបូង។ ក្នុងដំណើរឆ្ពោះទៅកាន់តំណែងជើងឯកនេះ កាតាបានយកឈ្នះកូរ៉េខាងត្បូងក្នុងវគ្គ 8 ក្រុមចុងក្រោយ និងជើងឯក 4 សម័យកាលជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រ។ ពួក គេបានរបូតតែមួយ គ្រាប់ គត់ ក្នុង ការប្រកួតនៃព្រិត្តិការណ៍ ទាំង មូល។ នៅឆ្នាំដដែលនោះ កាតាត្រូវបានគេអញ្ជើញឱ្យទៅលេងនៅពានរង្វាន់ Copa America ។ ពួកគេបានស្មើ 2-2 ជាមួយប៉ារ៉ាហ្គាយ ប៉ុន្តែបានចាញ់ពីរប្រកួតបន្ទាប់ និងបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង។
ឆ្នាំ 2021 – ក្រុមនេះ ត្រូវបានអញ្ជើញឱ្យលេងនៅពានរង្វាន់ CONCACAF Gold Cup ដែលពួកគេឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលចាញ់ម្ចាស់ផ្ទះអាមេរិក 1-0 ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕