
ខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool និង ខ្សែបម្រើ N’Golo Kante របស់ Chelsea នឹងអវត្តមានទាំងពីរនាក់ សម្រាប់បញ្ជីឈ្មោះចុងក្រោយរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្រុមជម្រើសជាតិបារាំង សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលសល់ពេលត្រឹមតែជាង 1 ខែទៀតប៉ុណ្ណោះ។



លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម បានបញ្ជាក់ថា Jota នឹងមិនអាចចូលទីលានប្រកួតបានក្នុងរយៈពេលយូរ ដែលអាចឈានដល់រាប់ខែ។ លោកបន្តថា វាជារបួសកំភួនជើងយ៉ាងធ្ងន់ធ្ងរ ដែលនេះជាដំណឹងអាក្រក់សម្រាប់កីឡាករវ័យ 25 ឆ្នាំ ដែលនឹងអវត្តមានពីការប្រកួតរបស់ព័រទុយហ្គាល់នៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសកាតា។
ខ្សែប្រយុទ្ធរូបនេះ បានរងរបួសអំឡុងពេលជ័យជម្នះលើ Manchester City 1-0 កាលពីថ្ងៃអាទិត្យកន្លែងទៅ ដែលត្រូវបានប្ដូរចេញ ដោយត្រូវបានគេសែងចេញពីទីលាន។
ចំណែក ក្លិបតោខៀវ បានប្រកាសថា Kante នឹងមិនមានឈ្មោះក្នុងបញ្ជីចុងក្រោយរបស់ក្រុមបារាំង នោះទេ បន្ទាប់ពីទទួលការវះកាត់សរសៃពួរ។ កីឡាករវ័យ 31 ឆ្នាំ បានរងរបួស អំឡុងការប្រកួតដែល Chelsea បានស្មើជាមួយ Tottenham Hotspur 2-2 ។




Kante ដែលរួមចំណែកឱ្យបារាំងឈ្នះពានរង្វាន់ FIFA World Cup 2018 ត្រូវបានចុះក្នុងបញ្ជីកីឡាកររបួស មុនព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕