×

មកស្គាល់​ទីក្រុង​អាល់ខរ (Al Khor) ដែលជា​ម្ចាស់ផ្ទះ FIFA World Cup 2022

ទីក្រុងអាល់ខរ (Al Khor) ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកាតា។ Al Khor មានន័យថា “ឈូងសមុទ្រ” ដោយសារតែទីក្រុងនេះ នៅជាប់ឈូងសមុទ្រប្រវែង 3 គីឡូម៉ែត្រ។ វាជាទីក្រុងចំណាស់ជាងគេមួយក្នុងប្រទេសកាតា ដែលត្រូវបានតាំងទីលំនៅដំបូងដោយកុលសម្ព័ន្ធ អាល់មូហានណាឌី (Al Muhannadi) នៅពាក់កណ្តាលសតវត្សរ៍ទី 18 ។

ដូចទីក្រុងឆ្នេរសមុទ្រដទៃទៀតក្នុងប្រទេសកាតាដែរ ទីក្រុងអាល់ខរ (Al Khor) ត្រូវបានគេស្គាល់តាមរយៈឧស្សាហកម្មនេសាទ និងពាណិជ្ជកម្មគុជធម្មជាតិ។ ប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ទីក្រុងនេះ ត្រូវបានចងក្រងជាឯកសារនៅក្នុងសារមន្ទីរបុរាណវិទ្យា អាល់ខរ ដែលវត្ថុតាំងបង្ហាញរួមមាន សត្វព្រៃ និងជីវិតនៅក្នុងសមុទ្រ ព្រមទាំងវត្ថុបុរាណដែលបានមកពីការនេសាទ ការមុជទឹក និងឧស្សាហកម្មសាងសង់សំពៅប្រពៃណីដែល អាល់ខរ ល្បីល្បាញជាយូរមកហើយ។

ការរចនានៃកីឡដ្ឋាន អាល់ប៊េត (Al Bayt) របស់ទីក្រុងដែលនឹងធ្វើជាម្ចាស់ផ្ទះការប្រកួត FIFA World Cup 2022 ត្រូវបានរចនាតាមតង់ប្រពៃណីដែលប្រជាជនពនេចរក្នុងតំបន់រស់នៅកាលពីបុរាណ។ ទីក្រុងនេះមានកន្លែងទាក់ទាញប្រវត្តិសាស្ត្រជាច្រើន រួមទាំងអណ្តូង Ain Hleetan និង ផ្សារចាស់ Souq ។ គួរឱ្យចាប់អារម្មណ៍ផងដែរ គឺប៉មយាម អាល់ខរ ចំនួន 3 ដែលមានទីតាំងនៅជិតឆ្នេរនៃទីក្រុង និង ក្លិបបាល់ទាត់ Al Khor Sports Club ដែលមាននិមិត្តសញ្ញារបស់ពួកគេ នៅលើប៉មយាមមួយដែលបានរៀបរាប់ខាងលើ។

សូមបញ្ជាក់ថា ទីក្រុងអាល់ខរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1785 ។ បច្ចុប្បន្ន វាមានប្រជាជន 31,547 នាក់ និងមានចម្ងាយ 60 គីឡូម៉ែត្រពីរដ្ឋធានី ដូហា ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង